ដោយវុត្ថា
ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ស្ពានវែងជាងគេនៅក្នុងប្រទសកម្ពុជា តភ្ជាប់ឆ្លងកាត់ទន្លេពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ខេត្តកំពង់ធំ នឹងត្រូវចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០២០ នេះ ខណៈការសិក្សាត្រូវបានសិក្សាចប់សព្វគ្រប់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ propertyarea.asia ផ្តាច់មុខកាលពីពេលថ្មីៗនេះឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេវែងជាងគេ ត្រូវបានដាក់ចូលទៅក្នុងផែនការអទិភាព និងជាជំរើសទី១ របស់ក្រសួងសម្រាប់សាងសង់នៅក្នុងឆ្នាំ២០២០នេះ។
លោកបន្តថា “យើងបានដាក់ចូលទៅក្នុងផែនការឆ្នាំ២០២០ អញ្ចឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យកទៅដាក់ក្នុងគម្រោងអទិភាពមុន គម្រោងផ្លូវស្គន់ទៅកំពង់ចាមឬយ៉ាងណា។ យើងពិភាក្សាគ្នា តែយើងដាក់ក្នុងជំរើសទី១។លោកបន្ថែមថា “ដូច្នេះ ស៊ីសងលើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជ្រែ តែប៉ណ្ណោះ”។
បើតាម លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល គម្រោងសាងសង់ស្ពានឆ្លងកាន់ទន្លេនេះ មានប្រវែងប្រមាណ៤គីឡូម៉ែត្រ ឆ្លងពីខេត្តកំពង់ឆ្នាំងឆ្ពោះទៅកាន់ខេត្តកំពង់ធំនេះ ត្រូវបានសិក្សាចប់សព្វគ្រប់ព្រមទាំង នក្រសួងបរិស្ថានបានចេញលិខិតបញ្ជាក់ដោយគ្មានប៉ះពាល់អ្វីទាំងអស់ក្នុងការសាងសង់ស្ពាននេះ។
លោកបន្តថា “ខ្ញុំសង្ឃឹមថាក្រសួងសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងទំលាក់លុយមកឱ្យយើង ហើយយើងនឹងចាប់ផ្តើមធ្វើ។ ស្ពាននេះមានប្រវែងជាងគេនៅក្នុងប្រទេសកម្ពុជាគ្រោងចំណាយថវិកាប្រមាណ២០០លានដុល្លារអាមេរិក”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងពិធីអញ្ជើញជាអធិបតីក្នុងពិធីបុណ្យទន្លេលើកទី៥ កាលពីថ្ងៃទី១៦ មីនា ឆ្នាំ២០១៩ កន្លងមកនេះ បានមានប្រសាសន៍ជំរុញ ឱ្យមានការសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំនេះ ឱ្យបានលឿន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សម្តេចបន្តថា ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំ ឆ្ពោះទៅខេត្តកំពង់ធំនេះមានប្រវែងរហូតដល់ទៅ៣,៩០០ម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា ដោយស្ពាននេះ នឹងសាងសង់ឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ទន្លេផ្សារក្រោម ទន្លេជល់មុខ និងទន្លេកំពង់ហាវ”។
សម្តេចបន្តទៀតថា “គម្រោងស្ពាននេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន កាត់បន្ថយពេលវេលា ក៏ដូចជាកាត់បន្ថយការចំណាយក្នុងពេលធ្វើដំណើរ ដោយមិនចាំធ្វើដំណើរវាងចូលទៅខេត្តកណ្តាល កំពង់ចាម ទើបចូលទៅដល់ខេត្តកំពង់ធំទៀតឡើយ”។
បច្ចុប្បន្ន ស្ពានដែលវែងជាងគេនៅកម្ពុជា គឺស្ពាន ត្សឹបាសា ឬស្ពានអ្នកលឿង ដែលមានប្រវែង២២១៥ម៉ែត្រ ស្ថិតក្នុងខេត្តព្រៃវែង និងឆ្លងកាត់ទន្លេមេគង្គ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសា ឆ្នាំ២០១៥៕






