មន្ទីរពេទ្យអន្តរជាតិដ៏ធំ មានតម្លៃជិត៥០០លានដុល្លារ គ្រោងនឹងបង្ហាញវត្តមាននៅរាជធានីភ្នំពេញក្នុងពេលខាងមុខនេះ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលតែងចាកចេញទៅស្វែងរកសេវាព្យាបាល និងថែទាំសុខភាពនៅតាមបណ្តាប្រទេសជឿនលឿន ក៏ដូចជាប្រទេសជិតខាងនោះ នៅពេលឆាប់ៗខាងមុខនេះ វត្តមានមន្ទីរពេទ្យអន្តរជាតិដ៏ធំមួយ ដែលមានដើមទុនវិនិយោគជិត៥០០លានដុល្លារ នឹងបង្ហាញវត្តមាននៅក្នុងរាជធានីភ្នំពេញ។

ក្រោមការមើលឃើញពីភាពជាក់ស្ដែងពីសន្តិសុខសង្គម ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ជាពិសេសតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ក្រុមហ៊ុន ROYAL CAMBODIA HOSPITAL Co,.Ltd បានសម្រេចបណ្តាក់ទុនវិនិយោគចំនួន ៤៧៨លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតមន្ទីរទេព្យលំដាប់អន្តរជាតិ ដែលមានទ្រង់ទ្រាយ ផ្ទុករហូតដល់ប្រមាណ១៥០០គ្រែ និងអាចផ្តល់ឱកាសការងារចំរុះបានជាង១៥០០កន្លែង។

គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិ ROYAL CAMBODIAN HOSPITAL CO., LTD ដែលទើបទទួលបានការគាំទ្រ និងអនុម័តពីសំណាក់រដ្ឋាភិបាលមួយនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ភូមិស្រុកចេក និងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប និងលំនៅដ្ឋានកម្រិតអភិជន។

បច្ចុប្បន្ន វិស័យសុខាភិបាលកម្ពុជាបានបង្ហាញពីឧត្តមភាព និងការរីកចម្រើនជាបន្តបន្ទាប់ ដែលក្នុងនោះបានបង្កើនទំនុកចិត្តដល់បណ្តាអ្នកវិនិយោគក្នុងវិស័យពាក់ព័ន្ធឱ្យចូលមកបង្កើតអាជីវកម្មផ្នែកសុខាភិបាលជាបន្តបន្ទាប់។ ជាក់ស្ដែង ការវិនិយោគលើវិស័យសុខាភិបាលបង្កើតមន្ទីរពេទ្យលំដាប់អន្តរជាតិនៅកម្ពុជាកាន់តែមានកំណើនជាបន្តបន្ទាប់ ដូចជាមន្ទីរពេទ្យជោរៃ មន្ទីរពេទ្យ រ៉ូយ៉ាល់រតនៈ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មន្ទីរពេទ្យពហុព្យាបាល អន្តរជាតិ ខេមា មន្ទីរពេទ្យ សាន់រ៉ាយ និងមន្ទីរពេទ្យអន្តរជាតិ សែនសុខ ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here