ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា មិនយកពន្ឋដីកសិកម្ម ១០០ឆ្នាំតទៅមុខទៀត ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់ សម្តេច។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យ នាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា ប្រសិនបើប្រជាពលរដ្ឋខ្មែរនៅតែបន្តគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាតិតទៅមុខទៀត គឺរាជរដ្ឋាភិបាលកម្ពុជា គឺប្តេជ្ញាមិនយកពន្ធដីកសិកម្មពីប្រជាពលរដ្ឋខ្មែរ រយៈពេល ១០០ ឆ្នាំតទៅមុខទៀត។
សម្តេចតេជោ បានសម្តែងការអរគុណដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងអស់ និងបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលបានគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនជឿនលឿនទៅមុខ
វត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅលើទឹកដីនៃខេត្តបន្ទាយមានជ័យថ្ងៃនេះ គឺបាននាំមកនូវក្តីសប្បាយរីករាយ និងក្តីសង្ឃឹមប្រកបដោយជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចប្រមុខដឹកនាំដែលបាននឹងកំពុងធ្វើអោយកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដ។
ប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ បានអរគុណ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានកសាងផ្លូវជាតិលេខ ៥៨ ១ខ្សែ មានប្រវែង ១៧៤គីឡូម៉ែត្រ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ដ៏មានសក្តានុពល តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបានចំណាយទឹកប្រាក់អស់ប្រមាណ ១៧១ លានដុល្លារអាមេរិក៕






