សម្តេចតេជោ៖ ហេដ្ឋារចនាសម្ព័ន្ធ៣២ខ្សែទទួលប្រើប្រាស់ហិរញ្ញប្បទានស្ថាបនាពីប្រទេសចិន

0

ដោយវុត្ថា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឱ្យដឹងថា ហេដ្ឋារច​នាសម្ព័ន្ធចំនួន៣២ខ្សែ ដែលបាននិងកំពុងស្ថាបនា និងស្ថាបនារួចរាល់នៅទូទាំងប្រទេសកម្ពុជា ទទួលបានហិរញ្ញប្បទាន និងជំនួយឥតសំណងពីប្រទេសចិន ខណៈឆ្នាំនេះគឺជាខួបទី១០ នៃភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បន្ទាប់ពីចុះហត្ថលេខាកាលពីឆ្នាំ២០១០។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តឧត្តរមានជ័យនាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងថា  មកដល់បច្ចុប្បន្នគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណងរបស់មិត្តចិន បានសាងសង់រួចរាល់មានចំនួន ២៧ខ្សែ មានប្រវែងសរុប២,៧៧៩គីឡូម៉ែត្រ ។ ចំណែក គម្រោងកំពុងសាងសង់មានចំនួន៥ខ្សែ មានប្រវែងប្រមាណ៤៩៧,២០គីឡូម៉ែត្រ។

ចំណែកស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន៨ មានប្រវែងសរុប៧,៤៣៤ ម៉ែត្រ និងស្ពានកំពុងសាងសង់ ដូចជា ស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តកំពងចាម ស្ទឹងត្រង់-ក្រូចឆ្មារ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (សិត្បូ) នៃគម្រោងខ្សែក្រវាត់ក្រុងទី៣ ជាដើម។

សម្តេចតេជោហ៊ុន សែនបានថ្លែងបន្តថា “សមិទ្ធផលស្ពានថ្នល់ ដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជា គឺភាគច្រើនបានមកពីជំនួយរបស់ចិន បើមិនដូច្នេះទេ មិនអាចកើតឡើងបានឡើយ”។សម្តេចបន្ថែមថា “បើចិនមិនជួយទេ តើនរណាជួយ? ចុះអាអ្នកវិភាគឡប់ៗនេះ បានដឹងទេ?។ បើអ្នកមិនឃើញគម្រោងខាងមុខនេះទេ តែអ្នកកំពុងដើរលើផ្លូវចិនជួយ”។

សម្តេចតេជោបន្តថា រាជរដ្ឋាភិបាលកម្ពុជាមិនមែនត្រូវការតែជំនួយពីចិនទេ ប៉ុន្តែស្វាគមន៍គ្រប់ជំនួយពីប្រទេសជាមិត្ត ដើម្បីយកអភិវឌ្ឍរចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា។ កម្ពុជាត្រូវការរឹតបន្តឹងមិត្តភាព និងលើកកម្ពស់ចំណងសហប្រតិបត្តិការជាមួយគ្រប់បណ្តាប្រទេសនៅលើពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here