រដ្ឋាភិបាលសម្រេចគាំទ្រគម្រោងវិនិយោគចំនួន២បន្ថែមទៀតនៅរាជធានីភ្នំពេញ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលសម្រេចគាំទ្រលើគម្រោងវិនិយោគធំៗ ចំនួន២បន្ថែមទៀត ដែលមានទីតាំងមនោះ ក្នុងរាជធានីភ្នំពេញក្នុងវិស័យផ្សេងគ្នា រួមមានគម្រោងវិនិយោគលើវិស័យរោងចក្រចំនួន១ និងគម្រោងវិនិយោគលើវិស័យអគារពាណិជ្ជកម្មចំនួន១។

តាមរយៈកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងដែលប្រជុំនៅទីស្ដី ការក្រសួងបរិស្ថានកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេចគាំទ្រគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មីមួយកន្លែងទៀត លើផ្ទៃដីទំហំ១៦.០០០ម៉ែត្រការ៉េ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វិនិយោគដោយក្រុមហ៊ុន ញូ អូរៀន (ខេមបូឌា)ហ្គារមែន ។

ដោយឡែកគម្រោងវិនិយោគសាងសង់អគារពាណិជ្ជកម្ម និងពហុមុខងាររបស់ក្រុមហ៊ុន SUN WAH PROPERTIES (CAMBODIA) CO., LTDស្ថិតក្នុងរាជធានីភ្នំពេញ ដែលសិក្សា និងរៀបចំរបាយការណ៍ដោយក្រុមហ៊ុនទីប្រឹក្សា RTM GREEN CONSULTANCY CO., LTD ក៏ត្រូវបានទទួការគាំទ្រផងដែរ។

ជាមួយនឹងការគាំទ្រ ទៅលើគម្រោងវិនិយោគទាំង២ខាងលើនេះ អន្តរក្រសួងក៏បានតម្រូវឱ្យក្រុមហ៊ុនអនុវត្ត និងគោរពទៅតាមច្បាប់ស្តីពី ការពង្រឹងគុណភាព និងសុវត្ថិភាពសំណង់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងការងារសំណង់។ ក្រុមហ៊ុនត្រូវធ្វើការគ្រប់គ្រងសម្ភារសំណង់ និងរៀបចំទីតាំងដងសន្ទួចឱ្យបានត្រឹមត្រូជៀសវាងបង្កឱ្យមានគ្រោះថ្នាក់ដោយយថា ហេតុណាមួយដល់សាធារណជន ឬកម្មករ ត្រូវរៀបចំកន្លែងស្នាក់នៅឱ្យ បុគ្គលិក-កម្មករឱ្យបានសមរម្យ ដោយមិនត្រូវអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅក្នុងការដ្ឋានសាងសង់នោះទេ។

បន្ថែមពីនេះ ក្រុមហ៊ុនត្រូវធ្វើការសាងសង់ឱ្យបានត្រឹមត្រូវ ទៅតាមលិខិតអនុញ្ញាតការសាងសង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងកាត់ បន្ថយសំឡេងនិងរំញ័រ និងការកកស្ទះចរាចរណ៍នៅក្នុងតំបន់គម្រោង និងត្រូវធ្វើការរចនាចំណ​តរថយន្តឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យស្របទៅតាមសមាមាត្រ នៃអ្នកប្រើប្រាស់អគាររបស់ក្រុមហ៊ុន ជៀសវាងការចតលើផ្លូវសាធារណៈ ដែលបង្កឱ្យមានការប៉ះពាល់ដល់ការធ្វើចរា​ចរណ៍របស់ប្រជាជន និងសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើម្បីកែសម្រួលរបាយការ​ណ៍ESIA ឱ្យបានត្រឹមត្រូវ ស្របតាមស្មារតីអង្គប្រជុំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here