ដោយៈ រ៉ាណេត
ភ្នំពេញៈ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ដែលរាជរដ្ឋាភិបាលកំពុងស្នើសុំការជួយជ្រោមជ្រែងពីសំណាក់ប្រទេសកូរ៉េ កាលពីពេលថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានបង្ហើបប្រាប់ថា ទំហំនៃការចំណាយលើការសាងសង់ស្ពាននេះ អាចកើនឡើងជិត១០០លានដុល្លារ ដើម្បីធ្វើយ៉ាងណាឱ្យមានគុណភាព និងសោភ័ណភាពគួរជាទីទាក់ទាញ។

លោកទេសរដ្ឋន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហើបក្រុមអ្នកសារព័ត៌មានកាលពីពេលកន្លងទៅថ្មីៗនេះថា បន្ទាប់ពីមានការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជា ទៅលើគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ពីតំបន់ជ្រោយចង្វារទៅតំបន់ស្វាយជ្រុំ មន្ត្រីជំនាញបច្ចេកទេសរបស់ប្រទេសកូរ៉េ បានធ្វើការចុះមកសិក្សាពីទំហំនៃការចំណាយលើការចំណាយ និងទំហំនៃផលប៉ះពាល់ផងដែរ។
លោកបន្តថា “កាលពីពេលកន្លងទៅ ក្រុមអ្នកជំនាញបច្ចេកទេសកូរ៉េ KOICA ធ្លាប់បានចុះមកធ្វើសិក្សាជាជំហានដំបូងរួចហើយ ប៉ុន្តែនៅមិនទាន់សម្រចជារបាយការណ៍នៅឡើយទេ”។ លោកបានបន្តទៀតថា “ប្រសិនបើសាងសង់ត្រឹមតែជាស្ពាសម្រាប់ឆ្លងធម្មតាដូចស្ពានមួយចំនួនទៀតនោះ ទំហំនៃការចំណាយអាចស្ថិតនៅក្នុងរង្វង់៥០លានដុល្លារតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែខាងកូរ៉េ គេចង់សាងសង់ស្ពានថ្មី និងលើកដំបូងនៅកម្ពុជា (ស្ពានមិត្តភាពកម្ពុជា-កូរ៉េ) ឱ្យមានគុណភាពខ្ពស់ និងមានភាពទាក់ទាញខ្លាំង ដូច្នេះខ្ទង់ចំណាយអាចនឹងកើនឡើងជិត១០០លានដុល្លារ”។
តាមគំរោងក្រោយពេលសាងសង់បញ្ចប់ ស្ពានមិត្តភាពកម្ពុជា កូរ៉េនឹងមានភាពលេចធ្លោមិនចាញ់ស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាព-ចិន នោះទេ។
លោកស៊ុន ចាន់ថុលបានបង្ហើបប្រាប់ថា “បើតាមអ្នកជំនាញ និងបច្ចេកទេសភាគីកូរ៉េបានបង្ហើបថា គេចង់សងស្ពាននេះធ្វើជានិមិត្តរូបដែលមានភាពអស្ចារ្យ ប៉ុន្តែនៅមិនទាន់កំណត់ថា ជាប្រភេទស្ពានដែលមានខ្សែកាបដូចស្ពានអ្នកលឿង ឬជាស្ពានកោងខ្ពស់នោះ ដែលពេលនេះកំពុងតែស្ថិតនៅក្នុងការសិក្សាបន្ថែមនៅឡើយ”។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ដោយអះអាងថា ក្រោយពេលតភ្ជាប់ស្ពានរឆ្លងកាត់ទន្លេមេគង្គមួយខ្សែនេះ តំបន់ដែលស្ថិតនៅត្រើយខាងកើតរាជធានីភ្នំពេញមួយនេះ ជាពិសេសតំបន់អារិយក្សត្រ នឹងអាចកែប្រែមុខមាត់អភិវឌ្ឍន៍ក្លាយជាក្រុងរណបដ៏ទាក់ទាញ ដែលមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនកើតមានឡើង និងកាន់តែជួយជំរុញតម្លៃដីធ្លីឱ្យកើនឡើងផងដែរ៕






