ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ និងគាំទ្រទាំងស្រុងទៅលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន៣៧ ដែលក្នុងនោះមានគម្រោងបង្កើតរោងចក្រកាត់ដេរចំនួន២២ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានមានប្រសាសន៍នៅក្នុងកិច្ចបើសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅបន្តការងាររបស់ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា បើទោះជាបច្ចុប្បន្ន វិស័យរោងចក្រកាត់ដេរនៅកម្ពុជាកំពុងតែជួបភាពប្រឈមជាមួយភាពខ្វះវត្ថុធាតុដើមសម្រាប់សង្វាក់ផលិតកម្មក៏ដោយ ក៏នៅតែមានក្រុមហ៊ុនវិនិយោគជាច្រើននៅតែចាប់អារម្មណ៍ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមជាបន្តបន្ទាប់។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា “គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចគាំទ្រ និងចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរទៅលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនថ្មីៗចំនួន៣៧ មានទំហំទឹកប្រាក់សរុបប្រមាណ៩៤១,៦លានដុល្លារ និងផ្តល់ឱកាសការងារបានចំនួន២៥៧៩១កន្លែង ដោយក្នុងនោះមានគម្រោងបង្កើតរោងចក្រថ្មីៗបន្ថែមចំនួន២២គម្រោង”។

លោកបានបន្តទៀតថា “ជាមួយនឹងការទទួលបានការស្នើសុំពីណាក់បណ្តាក្រុមហ៊ុនទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តរសប់បណ្តាអ្នកវិនិយោគ ដែលជឿទុកចិត្ត និងមើលឃើញពីភាពល្អប្រសើរនៃស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចជាតិកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលបាន និងកំពុងតែដាក់ចេញនូវវិធានការបន្ទាន់ដើម្បីពង្រឹងការវិនិយោគនានានៅកម្ពុជាឱ្យនៅតែរក្សាបាននូវភាពល្អប្រសើរ”។






