ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ យ៉ាងហោចមានរោងចក្រកាត់ដេរប្រមាណជាង២០០នឹងត្រូវប្រឈមបិទទ្វារនៅត្រឹមដើមខែមីនា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ ក្រោមហេតុផលមិនមានវត្ថុធាតុដើមសម្រាប់ដំណើរការសង្វាក់ផលិតកម្ម ខណៈមានរោងចក្រចក្រចំនួន១០បានបិទទ្វារនៅត្រឹមព្រឹកថ្ងៃនេះ។

អ្នកនាំពាក្យក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ លោក ហេង សួរ បានអះអាងបញ្ជាក់នៅក្នុងសន្និសីទស្ដីពីវឌ្ឍនភាព និងលើកទិសដៅការងារ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ក្រោមហេតុផលមានកង្វះខាតវត្ថុធាតុដើមសម្រាប់ដំណើរការសង្វាក់ផលិតកម្មដែលបណ្តាលមកពីបញ្ហានៃការរីករាលដាលនៃមេរោគ Covid-19 នៅប្រទេសចិននោះ រោងចក្រដែលកំពុងមានវត្តមាននៅកម្ពុជាប្រជាង២០០កន្លែង ប្រឈមបិទទ្វារ និងអាចប៉ះពាល់ដល់កម្មករ-កម្មការិនីសរុបប្រមាណ១៦ម៉ឺននាក់។
លោកបានមានប្រសាសន៍ថា ភាពខ្វះខាតវត្ថុធាតុដើមបានក្លាយវិបត្តិដ៏ធំជាសាកល ដោយសារតែភាគច្រើននៃដំណើរការផលិតកម្មនៅតាមបណ្តារោងចក្រនៅតាមប្រទេសជាច្រើនលើសាកលលោកសុទ្ធតែពឹងផ្អែកទៅលើការផ្គត់ផ្គង់របស់ប្រទេសចិនទាំងអស់។
លោកបានបញ្ជាក់ថា “ការបិទទ្វារបណ្តារោងចក្រទាំងអស់នេះ អាចប្រឈមក្នុងរយៈពេលបណ្តោះអាសន្ន ដោយសារយើងដឹងថា ខាងរោងចក្រផលិតវត្ថុធាតុដើមមួយចំនួននៅប្រទេសចិននឹងចាប់ផ្តើុមដំណើរឡើងវិញនៅត្រឹមអំឡុងខែក្រោយ ហើយកម្ពុជា គឺជាប្រទេសអាទិភាពក្នុងការទទួលបានវត្ថុធាតុដើម ដើម្បីបន្តដំណើរការឡើងវិញ”។
រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាដែលកំពុងប្រឈមរបស់បណ្តារោងចក្រកាត់ដេរនៅទូទាំងប្រទេសកម្ពុជា ដែលអាចជះឥទ្ធិពលអាក្រក់មកលើកម្មករ-កម្មាការិនីជាច្រើនដែលអាស្រ័យចំណូលពីការងារនៃវិស័យរោងចក្រ។ ជាមួយគ្នានេះ រដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវវិធានការបន្ទាន់ដែលអាចជួយសម្រួលនូវផលលំបាករបស់កម្មករ-កម្មការិនី ដោយការផ្តល់នូវប្រាក់បៀវត្សរ៍ចំនួន៦០ភាគរយនៃប្រាក់ខែគោល ដោយក្នុងនោះក្រុមហ៊ុនចំណាយ៤០ភាគរយ៕






