រដ្ឋាភិបាលប្រកាសឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បង្កើតវិធីអាហារឱ្យបានមួយយ៉ាងតិច

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ តាមរយៈក្រសួងទេសចរណ៍ បានប្រកាសតម្រូវឱ្យរដ្ឋបាលក្រុង ស្រុក និងខណ្ឌ ដែលជាថ្នាក់ក្រោមជាតិត្រូវបង្កើតវិថីម្ហូបអាហារ នៅក្នុងតំបន់របស់ខ្លួនឱ្យបានចំនួន១យ៉ាងតិច សម្រាប់ផ្តល់ជូននូវសេវាដល់បណ្តាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាការចូលរួមចំណែកលើកកម្ពស់ វិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព។

នៅក្នុងទិវាទីក្រុងស្អាតលើកទី៨ ដែលរៀបចំនៅសណ្ឋាគារសុខា កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា ជាយុទ្ធនាការគាំទ្រ និងចូលរួមពង្រឹងវិស័យទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ប្រ​មុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិតប្រកាសដាក់ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលថ្នាក់ក្រុងស្រុកខ័ណ្ឌ ត្រូវអនុវត្តន៍ស្តង់ដារ វិថីលក់ម្ហូបអាហារកម្ពុជា ឬហៅថាFood Street  ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។

លោករដ្ឋមន្ត្រីបានអានសារលិខិតរបស់សម្ដេចតេជោ ដោយបង្ហាញពីការអំពាវនាវឱ្យក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ ក្នុងការអនុវត្តលើកកម្ពស់នូវវប្បធម៌ ប្រពៃណី និងបេតិកភ័ណ្ឌម្ហូបអាហារ ដែលសំដៅចូលរួមជំរុញឱ្យមានភាពសម្បូរបែបនូវវិថីម្ហូបអាហារនៅតាមស្រុក ក្រុង ខណ្ឌ យ៉ាងតិចឱ្យបានចំនួន១។

នៅក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងស្មារតីឆ្លើយតបទៅនឹងការវិវត្ត និងនិន្នាការអភិវឌ្ឍថ្មីៗ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើការដាក់ចេញ និងអនុវត្តនូវគោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋានសំខាន់២ ដែលត្រូវគិតគូរស្របពេលគ្នា ការបង្កើនឧត្តមភាពប្រកួតប្រជែង និងការធានានិរន្តរភាពនៃការអភិវឌ្ឍ។ ឈរលើមូលដ្ឋាននេះ កម្ពុជាក៏បានដាក់ចេញនូវយុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដែលជាយុទ្ធសាស្ត្រដ៏សមស្រប ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ ជាមាសបៃតង និងនាំក្ពុជាឆ្ពោះទៅរកភាពស្អាតបៃតង និងប្រកដោយសុវត្ថិភាពខ្ពស់។

លោកថោង ខុន បានមានប្រសាសន៍បន្តថា ការបង្កើតវិថីម្ហូបអាហារនៅតាមបណ្តាស្រុក ក្រុង និងខណ្ឌ គឺជាចំណុចដ៏ប្រសើរបំផុត ព្រោះម្ហូបអាហារគឺជាទូតនាំសារវប្បធម៌ អត្តសញ្ញាណ ការរស់នៅក្នុងតំបន់ទៅកាន់ភ្ញៀវទេសចរជាតិអន្តរជាតិ និងបានបង្កើតភាពចងចាំដល់ភ្ញៀវទេសចរ អំពីគោលដៅទេសចរណ៍ដែលគេបានទៅទស្សនា ហើយបញ្ហានេះ គឺយើងចាំបាច់ត្រូវធ្វើការកែច្នៃ ចងក្រងខ្លឹមសារបកស្រាយ បង្ហាញ និងលើកគុណតម្លៃអំពីម្ហូបអាហារ ដែលសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងនេះ គឺវាបម្រើអោយសេវាទេស​ចរណ៍ផង និងចូលរួមលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here