ដោយៈ រ៉ាណេត
ភ្នំពេញៈ រោងចក្រផលិតស្បែកជើងថ្មីមួយទៀត នឹងបង្ហាញវត្តមាននៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចគាំទ្រទៅលើការវិនិយោគ និងវាយតម្លៃពីផលប៉ះពាល់រួចរាល់។

នៅទីស្នាក់ការក្រសួងបរិស្ថាន ក្រោមការដឹកនាំដោយលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានបើកកិច្ចអន្តរក្រសួង និងស្ថាប័ន ដែលពាក់ព័ន្ធធ្វើការវាយតម្លៃពីផលប៉ះពាល់ ទៅលើគម្រោងបង្កើតរោងចក្រផលិតស្បែកជើងថ្មីមួយកន្លែងទៀត ដែលស្ថិតនៅក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅលើផ្ទៃដីទំហំ១៨៥,៧៤៣ម៉ែត្រការ៉េ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនខេនស្ពតស៊ូ។
នៅក្នុងកិច្ចប្រជុំបានសម្រេចគាំទ្រ ទៅលើគម្រោងទាំងស្រុង ដោយតម្រូវឱ្យក្រុមហ៊ុនត្រូវអនុវត្តន៍តាមលក្ខខណ្ឌនៃកិច្ចប្រជុំ និងយកចិត្តទុកដាក់លើសុខភាពបុគ្គលិក-កម្មករ ព្រមទាំងសហការជាមួយក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើនបុគ្គលិកពេទ្យប្រចាំការនៅក្នុងរោងចក្រ។
បន្ថែមពីនេះក្រុមហ៊ុនត្រូវពង្រីកទំហំអាហារដ្ឋាន ឱ្យបានសមស្របជាមួយចំនួនបុគ្គលិក-កម្មកររបស់រោងចក្រ និងត្រូវសហការជាមួយអជ្ញាធរ ក្នុងការថែរក្សាបរិស្ថាន បង្កើតតំបន់បៃតងឱ្យបានច្រើនផងដែ៕






