ដោយ ហ្សូលី
អាមេរិកៈ យោងតាមអ្នកវិភាគសេដ្ឋកិច្ចនៅធនាគារអាមេរិកបានឱ្យដឹងថា សេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន កំពុងជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុក្រឡាប់ចាក់ ខណៈមានការផ្ទុះឡើង នៃការរាលដាលជម្ងឺកាចសាហាវកូរ៉ូណា ឬកូវីដ-១៩នៅទូទាំងប្រទេសចិន និងស្ទើរពាសពេញពិភពលោក។

កំណើនសេដ្ឋកិច្ចសកលលោក នឹងធ្លាក់ចុះដល់ទៅជិត៣%នៅឆ្នាំ២០២០ ហើយនឹងរំពឹងថា អាចនឹងធ្លាក់ចុះជាងនេះលើសពី៣% ដែលដូចទៅនឹងកាលពីឆ្នាំ២០០៩ នេះបើតាមការរាយការណ៍របស់អ្នកជំនាញសេដ្ឋកិច្ច កាលពីថ្ងៃព្រហស្បតិ៍ ទី ២៨ កុម្ភៈ ឆ្នាំ ២០២០នេះ។
រីឯប្រទេសចិនដាច់ដោយឡែកនេះវិញ ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះដល់ទៅ ៥.២% ដែលជាស្ថានភាពអាក្រក់បំផុតតាំងពីឆ្នាំ១៩៩០មក។
ធនាគារអាមេរិកបាននិយាយថា “ហានិភ័យនេះនៅតែមានការធ្លាក់ចុះ ហើយការព្យាករណ៍របស់យើង មិនរាប់បញ្ចូលទាំងការរាតត្បាតសកលទេ ដែលអាចនឹងធ្វើឱ្យសេដ្ឋកិច្ចនៅទីក្រុងភាគច្រើនផ្អាកសកម្មភាព”។
វីរុសកូរ៉ូណាមិនមែនជាដើមចម នៃការដាំក្បាលសេដ្ឋកិច្ចសកលលោកនេះ តែមួយមុខទេ។ ជាមួយនឹងភាពរអាក់រអួលនៃការបោះឆ្នោតអាមេរិក សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក-ចិន ភាពមិនច្បាស់ការនៃនយោបាយ ការចុះខ្សោយក្នុងប្រទេសជប៉ុន និងតំបន់មួយចំនួននៅភាគខាងត្បូងសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមាន”ផលប៉ះពាល់ដ៏ធំ” សង្កត់ធ្ងន់ទៅលើទិន្នផលពិភពលោក។
ផ្សារហ៊ុនសកលនៅតែបន្តធ្លាក់ចុះដដែល បើតាមការរាយការណ៍របស់កាសែត Wall Street នៅថ្ងៃព្រស្បតិ៍ដូចគ្នា។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានទម្លាក់ការរំពឹងទុក ចំពោះការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ក្នុងអំឡុងកិច្ចប្រជុំរបស់មន្ត្រីហិរញ្ញវត្ថុ មកពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២០ នៅលើពិភពលោកនៅរីយ៉ាដ៕ (Bloomberg)៕






