ដោយ ប៊ី
ភ្នំពេញៈ ពិភពលោកនឹងខាតបង់ប្រាក់ចំណូល២២ពាន់លានដុល្លារ លើវិស័យទេសចរណ៍ ដោយសារជំងឺCOVID-19 ខណៈក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សេដ្ឋកិច្ចដែលងាយរងគ្រោះបំផុត គឺប្រទេសទាំងនោះពឹងផ្អែកលើទេសចរណ៍ចិន ដូចជាហុងកុង ម៉ាកាវ ថៃ កម្ពុជា និងហ្វីលីពីន។
ផលប៉ះពាល់នេះត្រូវបានសិក្សា និងត្រូវបានចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈដោយOxford Economics ដោយសម្មតិកម្មនៃការធ្លាក់ចុះ៧ភាគរយ នៃការធ្វើដំណើរទៅបរទេសរបស់ជនជាតិចិន។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ហុងកុង ម៉ាកាវ ថៃ កម្ពុជា និងហ្វីលីពីននឹងមានភាពងាយរងគ្រោះបំផុត ដោយប្រទេសទាំងនេះពឹងផ្អែកលើទេសចរណ៍ចិន។
ការផ្ទុះឡើងនៃការរីករាលដាលជំងឺឆ្លងCOVID-19 នឹងអាចបណ្តាលឱ្យទេសចរណ៍ទូទាំងសកលលោក ខាតបង់ថវិកាជាង២២ពាន់លានដុល្លារ ហើយការខូចខាតនេះក៏មានការចូលរួមចំណែកពីការធ្លាក់ចុះ នៃចំនួនអ្នកទេសចរចិនផងដែរ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានអង្គការ នៃក្រុមប្រឹក្សាដំណើរកម្សាន្ត និងទេសចរណ៍ពិភពលោក (WTTC)។
ប្រធានអង្គការ WTTC លោកស្រីGloria Guevara បានធ្វើការកត់សម្គាល់ខាងលើ ប្រាប់សារព័ត៌មានអេស្ប៉ាញ អ៊ែលម៉ាន់ឌូEl Mundo កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន បាងកកប៉ុស្តិ៍នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
លោកស្រីGloria បានថ្លែងថា “វាដូចជាលឿនពេកដើម្បីដឹងពីទំហំខាតបង់ ប៉ុន្តែ WTTC បានធ្វើការគណនាជាបឋម ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ច អុកស៍ហ្វដ (Oxford Economics) ថាការរីករាលដាលនៃជំងឺ COVID-19 អាចនឹងធ្វើឱ្យវិស័យទេសចរណ៍សកលលោក ខាតបង់ថវិកាជាង ២២ពាន់លានដុល្លារ”។
លោកស្រី Gloria បានឱ្យដឹងទៀតថា ការគណនានេះគឺផ្អែកលើបទពិសោធន៍ នៃវិបត្តិដែលបង្កឡើងដោយជំងឺឆ្លងមុនៗ ដូចជា ជំងឺSARS ឬH1N1 ព្រមទាំងផ្ដោតលើការធ្លាក់ចុះភ្ញៀវទេសចរចិន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីនេះ។ អ្វីដែលជាភាពជាក់ស្តែងនោះ គឺការផ្អាកជើងហោះហើរ និងការណែនាំរបស់រដ្ឋាភិបាល ប្រទេសនានាទូទាំងពិភពលោក ឲ្យប្រជាជនពួកគេមានការប្រុងប្រយ័ត្ន និងកុំធ្វើដំណើរទៅកាន់បណ្តាប្រទេសដែលមានការផ្ទុះជំងឺ COVID-19 ខ្លាំងក្លានោះ គឺសុទ្ធតែចំណាត់ការដែលបង្កផលប៉ះពាល់ធ្ងន់់ធ្ងរ ទៅដល់វិស័យទេសចរណ៍៕