អ្នកជំនាញនិយាយពីភាពល្អប្រសើរនៃការពង្រីកទីក្រុងរបស់រដ្ឋាភិបាល

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសពីគម្រោងនៃការពង្រីកក្រុងឱ្យកាន់តែធំ និងមានភាពល្អប្រសើរ ជាមួយនឹងផែនកា​របង្កើតខណ្ឌថ្មីៗបន្ថែមជាបន្តបន្ទាប់។

ភ្ជាប់ជាមួយនឹងផែនការនៃការពង្រីក រួមជាមួយនឹងការបង្កើតខណ្ឌថ្មីៗ ដែលកាត់ចេញពីបណ្តាស្រុកមួយចំនួននៅជាប់ក្រុង អ្នកជំនាញមានបង្ហាញពីភាពសុទិដ្ឋិនិយម និងសាទរទៅនឹងគម្រោងការអភិវឌ្ឍរបស់រដ្ឋាភិបាល។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យCentury21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ថា “ការរសម្រេចពង្រីកវិសាលភាពក្រុងនៅតំបន់ណាមួយ របស់រដ្ឋាភិបាលសុទ្ធ​តែជាការអនុវត្តន៍ទៅតាមប្លង់គោល ដែលរដ្ឋាភិបាលបានគ្រោងទុកជាយូរមកហើយ សម្រាប់ជួយសម្រួល និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចឱ្យកាន់តែមានភាពល្អប្រសើរ។

លោកស្រីបានបន្តទៀតថា“រាជធានីភ្នំពេញចាំបាច់ត្រូវតែពង្រីក ព្រោះជាមជ្ឈមណ្ឌ​លពាណិជ្ជកម្មពិសេសប្រចាំប្រទេសកម្ពុជា ដែលប្រមូលផ្តុំទៅដោយអគារពាណិជ្ជកម្មជាតិ និងអន្តរជាតិធំៗជាច្រើន”។លោកស្រីបន្ថែមថា “នៅថ្ងៃអនាគតនឹងកាត់តែរីកធំជាងនេះ ដោយសារតែកំណើននៃចំនួនប្រជាជន រួមជាមួយនឹងការចាក់បំពេញបន្ថែមនូវចំនួនក្រុមហ៊ុនអន្តរជាតិនានា”។

លោកស្រីGrace Rachny បានបន្តទៀតថា ការពង្រីកក្រុងនឹងជំរុញឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនូវហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាសរសៃឈាមសេដ្ឋកិច្ចតំបន់ និងជួយបង្កភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពឱ្យកាន់ តែប្រសើរ ដែលទាំងអស់នេះបង្ហាញពីភាពរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា “រាជធានីភ្នំពេញបច្ចុប្បន្ននេះ មានភាពណែនណាន់តាន់ តាប់ខ្លាំង ហើយតម្លៃអចលនទ្រព្យនៅក្នុងទីក្រុងចាស់ ក៏មានកម្រិតខ្ពស់រួចទៅហើយ។ ដូច្នេះនៅពេលដែលរាជរដ្ឋាភិបាលពង្រីកក្រុង ឬការបង្កើតខណ្ឌថ្មីបន្ថែមចំណុះឱ្យរដ្ឋបាលក្រុង ជាការអនុវត្តទៅតាមប្លង់គោលប្រកបដោយប្រសិទ្ធភាព និងចិរភាពយូរអង្វែង ដែលនឹងឈាន ទៅដល់ការផ្គត់ផ្គង់នូវវិស័យអចលនទ្រព្យ តាមរយៈការកសាងហេដ្ឋរចនាសម្ព័ន្ធដែលមានគុណភាព ការផ្គត់ផ្គង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ស្របទៅតាមគោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាល។

លោកបន្តថា “ខណ្ឌថ្មីដែលរដ្ឋាភិបាលគ្រោងនឹងបង្កើតនេះ គឺនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្រជាយូរមកហើយ។ ក្រោយពេលកាត់តំបន់ទាំងនេះចូលមកចំណុះក្រុង ភាពល្អប្រសើរនៃវិស័យអចលនទ្រព្យនឹងកើតមានច្រើន”។លោកបន្ថែមថា “តំបន់ដែលកាត់ចូលក្នុងរាជធានី ក្រៅពីមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព វាក៏ជួយជំរុញឱ្យតម្រូវការ នៃការប្រើប្រាស់ដីសម្រាប់វិស័យនានាកើនឡើង ហើយតម្លៃក៏មានភាពល្អប្រសើរជាង ពេលនៅចំណុះរដ្ឋបាលខេត្ត និងស្រុកផងដែរ”។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ផងដែរថា សម្រាប់ផែនការនៃការបង្កើតខណ្ឌថ្មី គឺបានផ្តល់ផលប្រយោ​ជន៍សំខាន់ៗជាច្រើន ដែលក្នុងនោះរួមមានការពង្រីករដ្ឋបាលសាធារណៈ វិស័យសេដ្ឋកិច្ចនៅក្នុងតំបន់ ក៏ដូចជាវិស័យទេសចរណ៍ផងដែរ។

លោកបានបន្តទៀតថា “តំបន់ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនេះ ជាតំបន់ដែលមានសក្ដានុពលខ្លាំង ដែលអាចបម្រើនូវផលប្រយោជន៍ជាច្រើន”។ លោកបន្តថា “ក្រោយពេលមានស្ពានឆ្លងកាត់ ខណ្ឌថ្មីនេះនឹងមានសកម្មភាពលើវិស័យផ្សេងៗជាច្រើន ជាពិសេសបម្រើដល់វិស័យដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹកផងដែរ”។

លោកបន្តទៀតថា នៅពេលមានការអភិវឌ្ឍ នឹងទាក់ទាញមនុស្សឱ្យចូលទៅរស់នៅកាន់តែច្រើន ដែលអាចនឹងអភិវឌ្ឍន៍ទៅជាទីក្រុងរណបថ្មីមួយទៀត ស្របទៅនឹងគោលដៅរបស់រដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here