ទីផ្សារលក់ទូរស័ព្ទឆ្លាតវៃដាំក្បាលចុះមិនធ្លាប់មានជាប្រវត្តិសាស្រ្ត

0

ដោយ ប៊ី

ភ្នំពេញ៖ ទីផ្សារទូរស័ព្ទឆ្លាតវៃ (ស្មាតហ្វូន) របស់ប្រទេសចិនដែលធំជាងគេបំផុតនៅលើពិភពលោក ដាំក្បាលចុះយ៉ាងខ្លាំង ដោយសារតែការផ្ទុះឡើងនៃមេរោគថ្មី COVID-19។

ការនាំចេញស្មាតហ្វូននៅក្នុងប្រទេសចិនទំនងជានឹងធ្លាក់ចុះ ៤០ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ថ្មីពីក្រុមហ៊ុនស្រាវជ្រាវ IDC ។

នេះមានន័យថា អតិថិជនចិននឹងទិញទូរស័ព្ទតិចជាង ៣៣ លានគ្រឿងក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ។នេះបើយោងតាមលោក Will Wong អ្នកវិភាគមកពីក្រុមហ៊ុន IDC ។

លោក Wong បាននិយាយថា “នៅពេលក្រុមហ៊ុន IDC ធ្វើបច្ចុប្បន្នភាពការព្យាករណ៍របស់ខ្លួនកាលពីឆ្នាំមុន “យើងរំពឹងថានឹងមានការធ្លាក់ចុះ ៥ ភាគរយប៉ុណ្ណោះ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០”។

លោកបានបន្ថែមថា “ទោះបីជាមានការងើបឡើងវិញនៅខែមីនាដ៏មានសក្តានុពលក៏ដោយក៏វានៅតែពិបាកក្នុងការឈានដល់កម្រិតកាលពីឆ្នាំមុនដែរ សម្រាប់ត្រីមាសទី ១”។

វាក៏នឹងមានផលប៉ះពាល់ផងដែរសម្រាប់ការនាំចេញស្មាតហ្វូនទូទាំងពិភពលោកដែលការព្យាករណ៍ថានឹងធ្លាក់ចុះ ១០,៦ ភាគរយនៅឆមាសទីមួយនៃឆ្នាំ ២០២០ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អាជីវកម្មនៅក្នុងប្រទេសចិនចាប់ផ្តើមជាប់គាំង នៅពេលការផ្ទុះឡើងនៃជំងឺថ្មីនេះបានកើនឡើងកាលពីចុងខែមុន។ ក្រុមហ៊ុននានាបាននិងកំពុងព្យាយាមវិលត្រឡប់មករកភាពប្រក្រតីវិញ ខណៈដែលប្រជាជនរាប់រយលាននាក់នៅក្នុងប្រទេសចិននៅតែស្ថិតនៅក្រោមការរឹតត្បិតការធ្វើដំណើរ។

អ្នកវិភាគក្រុមហ៊ុន IDC លោក Sangeetika Srivastava បាននិយាយថា “ការខ្វះខាតគ្រឿងបន្លាស់ ការបិទរោងចក្រការ ដាក់ឲ្យដាច់ពីគ្នា ការដឹកជញ្ជូន និងការរឹតបន្តឹងការធ្វើដំណើរនឹងបង្កឧបសគ្គដល់អ្នកលក់ស្មាតហ្វូនដើម្បីផលិតទូរស័ព្ទនិងដាក់ឧបករណ៍ថ្មី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here