ដោយៈ រ៉ាណេត
ភ្នំពេញៈ ស៊ីមកាតទូរស័ព្ទចល័តគ្រប់ប្រព័ន្ធ ដែលមានប្រតិបត្តិករចំនួន៦ កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលាយនៅក្នុងប្រទេសកម្ពុជា នៅពេលបច្ចុប្បន្ននេះមានចំនួនយ៉ាងលើសលប់រហូតដល់ជិត២២លានស៊ីម ខណៈដែលចំនួនប្រជាជនសរុបនៅក្នុប្រទេសកម្ពុជាមានជាង១៦លាននាក់តែប៉ុណ្ណោះ។

ផ្អែកតាមស្ថិតិសេវាទូរគមនាគមន៍ ដែលទើបតែបង្ហាញមុននេះបន្តិចបានបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០១៩កន្លងទៅនេះ សេវាទូរគមនាគមន៍ដែលកំពុងដំណើរនៅកម្ពុជាមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដែលទិន្នន័យទាំងនេះគិតត្រឹមចុងឆ្នាំ២០១៩តែប៉ុណ្ណោះ ដែលក្នុងនោះរួមមានដូចជា ១) សេវាទូរស័ព្ទចល័ត (មានប្រតិបត្តិករចំនួន ៦)៖ មានចំនួនលេខកំពុងប្រើប្រាស់ ២១ ៦៧៥ ៥២៣ លេខ/ស៊ីមកាត ត្រូវនឹង ១២០,៨៣ ភាគរយ នៃចំនួនប្រជាជនសរុប ហើយមានកំនើន១២ភាគរយ បើធៀបជាមួយនឹងតួលេខចុងឆ្នាំ២០១៨។
២) សេវាទូរស័ព្ទអចល័ត (មានប្រតិបត្តិករចំនួន ៧) មានចំនួនលេខកំពុងប្រើប្រាស់៥៧,៤៣៨លេខ ត្រូវនឹង០,៣៦ភាគរយ នៃចំនួនប្រជាជនសរុប ហើយមានកំនើនថយចុះ៣៥ភាគរយ បើធៀបជាមួយនឹងតួលេខចុងឆ្នាំ២០១៨។
៣) សេវាអ៉ីនធឺណិតទាំងចល័ត ទាំងអចល័ត (មានប្រតិបត្តិករអ៉ីនធឺណិតចល័តចំនួន ៧ និងអ៉ីនធឺណិតអចល័តចំនួន៣៣) មានចំនួនបណ្តាញកំពុងតភ្ជាប់ប្រើប្រាស់សរុប១៦,៣៥០,៤៦០ ត្រូវនឹង១០០,៣៨ភាគរយ នៃចំនួនប្រជាជនសរុប ដែលក្នុងនោះ ចំនួនលេខទូរស័ព្ទចល័ត តភ្ជាប់បណ្តាញអ៉ឺនធឺណេត3G/4G សរុប១៦,១២៦, ៣៥៦ លេខ/ស៊ីមកាត និងបណ្តាញអ៉ីនធឺណិតអចល័តចំនួនសរុប ២២៤,១០៤ ខ្សែ ។ ចំនួននៃការប្រើប្រាស់អ៉ីនធឺណិតសរុបនេះ មានកំណើនកើនឡើងចំនួន២០ភាគរយ បើធៀបជាមួ យនឹងតួលេខចុងឆ្នាំ២០១៨។
៤) ចំនួនគណនីហ្វេសបុក៨,៨០០,០០០ កើនឡើង២៩,៤១ភាគរយ បើធៀបនឹងចំនួនតួលេខឆ្នាំ២០១៨។ ៥) ការគ្របដណ្តប់សេវាតាមបច្ចេកវិទ្យា (ធ្វើបច្ចុប្បន្នភាពចំនួន ៣ខែ ម្តង)។ ក) បណ្តាញទូរស័ព្ទចល័ត 2G ៖ គ្របដណ្តប់ចំនួន ៩៩ភាគរយ នៃប្រជាជនសរុប និងគ្រប់ដណ្តប់ចំនួន ៨៥,៧០ភាគរយ នៃផ្ទៃប្រទេស។ ខ) បណ្តាញទូរស័ព្ទចល័ត 3G ៖ គ្របដណ្តប់៨៥,១០ភាគរយ នៃប្រជាជនសរុប និងគ្រប់ដណ្តប់ចំនួន ៦០ភាគរយ នៃផ្ទៃប្រទេស។
គ) បណ្តាញទូរស័ព្ទចល័ត 4G ៖ គ្របដណ្តប់៨០,៣០ភាគរយ នៃប្រជាជនសរុប និងគ្រប់ដណ្តប់៥២,៧០ភាគរយនៃផ្ទៃប្រទេស។ ៦) បណ្តាញខ្សែកាប្លិ៍អុបទិកក្នុងប្រទេស (ប្រតិបត្តិករចំនួន ៣) ៖ មានប្រវែងសរុប ៤១ ៦៤៣ គីឡូម៉ែត្រ កើនឡើងចំនួន ៣ភាគរយ បើធៀបជាមួយនឹងតួលេខឆ្នាំ២០១៨។
៧) បណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រអន្តរជាតិ មានចំនួនពីរខ្សែ គឺ AAE-1 (Asia-Africa-Europe 1) និង MCT – Malaysia-Cambodia-Thailand ៕







