គំរោងអភិវឌ្ឍន៍ទីក្រុងថ្មីនៅជើងភ្នំបូកគោនឹងចាប់ផ្តើមសាងសង់នៅចុងសប្តាហ៍នេះ

0

ដោយៈ រ៉ាណេត

កំពតៈ រដ្ឋបាលខេត្តកំពត បាននិងត្រៀមរៀបចំពិធីសម្ពោធបើកការរដ្ឋានសាងសង់គម្រោងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទីក្រុងថ្មី ដែលមានឈ្មោះថា “មរតកឋានសួគ៌” ក្នុងតម្លៃរាប់សិបលានដុល្លារ ដែលជាការវិនិយោគដោយក្រុមហ៊ុនសុខា អូតែល ក្រោមវត្តមានរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅចុងសប្ដាហ៍នេះ។

រដ្ឋបាលខេត្តកំពត ក្រោមវត្តមានរបស់លោកជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ និងរាយការណ៍ពីផែនការនៃការរៀបចំពិធីបើកសម្ពោធការដ្ឋាន សាងសង់គម្រោងអភិវឌ្ឍលំនៅដ្ឋានបែបប្រណីត ដែលមានឈ្មោះថា “មរតកឋានសួគ៌” នៅរមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ។

គម្រោងវិនិយោគលើការអភិវឌ្ឍ ក្នុងវិស័យលំនៅដ្ឋានបែបទំនើបមួយនេះ បានក្លាយជាការគម្រោងវិនិយោគដ៏ធំ និងលើកដំបូងគេនៅតំបន់រមណីយដ្ឋាន ឧទ្យានជាតិព្រះមុនីវង្ស ក្រោមការបោះទុនដោយក្រុមហ៊ុនសុខាអូតែល ដែលជាក្រុមហ៊ុននាំមុខមួយនៃវិស័យបដិសណ្ឋារកិច្ច ក្នុងចំណោមក្រុមហ៊ុនធំៗ នៅព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនដែលទទួលបាន សិទ្ធិសម្បទានធ្វើវិនិយោគអភិវឌ្ឍ នៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ។

ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” មានចម្ងាយប្រហែល ១៨៩ គ.ម តែប៉ុណ្ណោះ ពីរាជធានីភ្នំពេញ និងមានទីតាំងស្ថិតនៅជិត ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា កំពង់ផែទេសចរណ៍ខេត្តកំពត កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ផ្លូវរថភ្លើង និងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុជាដើម។ មានផ្លូវគមនាគមន៍ធំៗជាច្រើន ដែលអាចធ្វើដំណើរទៅកាន់ តំបន់អភិវឌ្ឍភ្នំបូកគោនេះ ដូចជាផ្លូវជាតិលេខ៣ និងផ្លូវល្បឿនលឿនដែល កំពុងសាងសង់និងពង្រីកបន្ថែម ដែលគ្រោងនឹងបញ្ចប់រួចរាល់ ជាបន្តបន្ទាប់នាពេលឆាប់ៗខាងមុខនេះ ព្រមទាំងផ្លូវជាតិលេខ៤ និងផ្លូវលេខ៤១ ដែលជាផ្លូវជាតិដ៍សំខាន់សម្រាប់ ការធ្វើដំណើរទៅកាន់តំបន់នោះ នាពេលបច្ចុប្បន្ន លើសពីនេះ ការធ្វើដំណើរទៅទីនោះ តាមឧទ្ធម្ភាចក្រក៍បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here