ចំណេះដឹង! តើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីត្រូវមាន និតិវិធីដូចម្តេច?

0

ដោយវុត្ថា

ភ្នំពេញៈ រាល់ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជីត្រូវដាក់ពាក្យស្នើសុំផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ នៅការិយាល័យច្រកចេញចូលតែ១ នៃសា​​លាស្រុក-ខណ្ឌ ដែលក្បាលដីស្ថិតនៅក្បែរលំនៅឋានរបស់អ្នក។

បន្ទាប់ពីបានដាក់ពាក្យត្រឹមត្រូវហើយ ខាងស្រុក-ខណ្ឌ នឹងជូនដំណឹងដល់អ្នកស្នើសុំ អំពីការចុះវាស់វែងដីធ្លី និងធ្វើកំណត់ហេតុអំពីការចុះវាស់វែង។បន្ទាប់ពីមន្ត្រីចុះវាស់វែង និងធ្វើកំណត់ហេតុរួចរាល់ហើយ ខាងស្រុក-ខណ្ឌ នឹងរៀបចំឯកសារ ដើម្បីអោយអ្នកស្នើសុំយកឯកសារទៅបង់ពន្ធប្រថាប់ត្រា៤% នៃតម្លៃលក់អចលនទ្រព្យ។ នេះ បើយោងតាមតារាងតម្លៃអចលនទ្រព្យ ដែលបានវាយតម្លៃដោយគណៈកម្មការ វាយតម្លៃអចលនទ្រព្យ។

ការបង់ពន្ធប្រថាប់ត្រា សម្រាប់អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី គឺជាលក្ខ​ខណ្ឌ តម្រូវតាមគោលការណ៍នៃសេចក្តីណែនាំលេខ៨៧២៦ របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីការអនុវត្តប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ។

សេចក្តីណែនាំនេះចែងថា ចំពោះអចលនទ្រព្យដែលពុំទាន់បានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) នៅពេលអចលនទ្រព្យនោះ ត្រូវបានផ្ទេរសិទ្ធិកាន់កាប់នូវចំណែកទាំងស្រុង ឬចំណែកណាមួយនៃអចលនទ្រព្យ (ការពុះជាឡូត៍ ឬការបំបែកក្បាលដី) អ្នកទទួលសិទ្ធិកាន់កាប់ មានកាតព្វកិច្ចត្រូវបង់ពន្ធប្រថាប់ត្រាតាមអត្រា៤% ស្របតាមច្បាប់ជាធរមាន ដូចអចលនទ្រព្យ ដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ដែរ ។

ក្រោយពីបានបង់ពន្ធរួចរាល់ហើយ អ្នកស្នើសុំត្រូវយកបង្កាន់ដៃបង់ពន្ធរួចរាល់នោះ ទៅស្រុក-ខណ្ឌវិញ ដើម្បីដាក់ឲ្យស្រុក-ខណ្ឌ ពិនិត្យ និងសំរេច ដើម្បីបញ្ចប់ការផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យ ជូនអ្នកទិញ ត្រឹមថ្នាក់ស្រុក-ខណ្ឌ។ ពេលនោះលោក-អ្នកនឹងទទួលសំណុំ ឯកសារនៃការផ្ទេរសិទ្ធិ អចលនទ្រព្យដែលបានផ្ទេរសិទ្ធិត្រឹមត្រូវ ឲ្យទៅឈ្មោះអ្នកទិញ ដោយមានទាំង ឯកសារបញ្ជាក់ពីការបង់ពន្ធប្រថាប់ត្រា៤%៕

LEAVE A REPLY

Please enter your comment!
Please enter your name here