តើទីក្រុងណាខ្លះដែលមានកំពូលមហាសេដ្ឋីរស់នៅច្រើនជាងគេបំផុត នៅលើពិភពលោក

0

ដោយ វល័ក្ខ

ភ្នំពេញៈ ទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក បានដាក់ចេញនូវតារាងកំពូលមហាសេដ្ឋីលំដាប់ពិភពលោក ដែលមានលុយច្រើនជាងគេបំផុត សម្រាប់ឆ្នាំ២០១៩ ដោយក្នុងនោះមានកំពូលមហាសេដ្ឋី ​រហូតដល់២១៥៣នាក់ មកពីបណ្ដាប្រទេសផ្សេងៗគ្នា។

សម្រាប់ពេលនេះគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ច propertyarea.asia បានលើកយកទីក្រុងទាំង១០ ដែលមានកំពូលមហាសេដ្ឋីរស់នៅច្រើនជាងគេបំផុត។

លោកអ្នកអាចសាកល្បងទាញមើលថា តើទីក្រុងណាមួយដែលមានកំពូលមហាសេដ្ឋី​ច្រើនជាងគេ?។ យោងតាមការចុះផ្សាយពីទស្សនាវដ្តីForbesបានឱ្យដឹងថា ចិនជាប្រទេសមួយដែលមានទីក្រុងចំនួន៣ សម្បូរទៅដោយ​កំពូល​មហាសេដ្ឋីរស់នៅច្រើនជាងគេ ក្នុងនោះរួមមានទីក្រុងប៉េកាំង ទីក្រុងសៀងហៃ និងShenzhen។

ខាងក្រោមនេះគឺជាតារាងទីក្រុងទាំង ១០ ដែលមានកំពូលមហាសេដ្ឋីរស់នៅ​ច្រើន​ជាងគេបំផុតសម្រាប់ឆ្នាំ ២០១៩។

១០)ទីក្រុង Mumbai ប្រទេសឥណ្ឌា

ទីក្រុងមួយឥណ្ឌានេះ មានកំពូលមហាសេដ្ឋីរស់នៅចំនួន៣៧នាក់ បើធៀបនឹងឆ្នាំ ២០១៨ បានថយចុះ៨នាក់។ បើសរុបលុយមហាសេដ្ឋីទាំង៣៧នាក់នោះចូលគ្នា មានលុយប្រមាណ១៨៤.៤ពាន់លានដុល្លារអាមេរិក។ ទីក្រុងមួយនេះផងដែរ ត្រូវបានគេចាត់ទុកថា ជាតំបន់រស់នៅបែបស៊ីវិល័យ និងទំនើប ព្រោះគ្រប់យ៉ាងនៅទីនោះសុទ្ធតែមានតម្លៃថ្លៃៗ។

០៩) ទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង

គិតត្រឹមពាក់កណ្ដាលខែមីនាកន្លងទៅនេះ នៅក្នុងទីក្រុងSeoul មានមហាសេដ្ឋីចំនួន៣៨នាក់ បើធៀបនឹងឆ្នាំ២០១៨ថយចុះ៣នាក់។ ទឹកប្រាក់ដែលពួកមហាសេ​ដ្ឋីទាំង៣៨នាក់មាន បូកសរុបចូលគ្នាមានប្រមាណជា៩៩.៩ពាន់់លានដុល្លារអាមេរិក​។ មហាសេដ្ឋីដែលរស់នៅក្នុងទីក្រុងនេះ ភាគច្រើនគឺកាន់កាប់ក្រុមហ៊ុន​បច្ចេកវិទ្យា ដូចជា Samsung និង Hyundai ជាដើម។ មួយវិញទៀត មានកំពូលមហាសេដ្ឋីមួយចំនួន រកចំណូលបាន តាមរយៈការបង្កើតក្រុមហ៊ុនហ្គេមអនឡាញ (កូរ៉េខាត្បូងជាប់លេខ៤ ជាប្រទេសផលិតហ្គេមអនឡាញធំជាងគេបំផុត)។

០៨) ទីក្រុង Shenzhen ប្រទេសចិន

ទីក្រុងមួយនេះត្រូវបានគេកំណត់ថាជា «តំបន់សេដ្ឋកិច្ចពិសេស» នៅក្នុងអំឡុងពេលកំណែទម្រង់សេដ្ឋកិច្ច​ របស់ប្រទេសចិននៅទសវត្សរ៍ឆ្នាំ១៩៨០ ហើយបច្ចុប្បន្នមានមហាសេដ្ឋីរស់នៅចំនួន៣៩នាក់ ធៀបនឹងឆ្នាំ២០១៨ ថយចុះ៥នាក់ បើគិតជាទឹកប្រាក់សរុបដែលពួកមហាសេដ្ឋីមានគឺ១៩០.៥ពាន់លានដុល្លារអាមេរិក។

ដោយឡែកគ្រាន់តែលោកMa Huateng ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Tencent មានលុយរហូតដល់៣៨.៨ពាន់លានដុល្លារអាមេរិក។ មហាសេដ្ឋីនៅក្នុងទីក្រុងមួយនេះភាគច្រើនគឺរកចំណូលបានឱ្យខ្លួនឯង មិនពឹងផ្អែក​លើ​ទ្រព្យសម្បត្តិគ្រួសារ ដោយក្នុងនោះពួកគេរកស៊ីនៅក្នុងវិស័យបច្ចេកវិទ្យា ​​និងអចលនទ្រព្យ។

០៧) ទីក្រុង Sam Francisco សហរដ្ឋអាមេរិក

ទីក្រុងមួយនេះ ជាបេះដូងនៃបដិវត្តន៍បច្ចេកវិទ្យារបស់អាមេរិក ព្រោះវាជាផ្ទះរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូច​ជា Uber, Airbnb និង Pinterest ជាដើម។ យោងតាមការបញ្ជាក់ពី Forbes បានឱ្យដឹងថា ទីក្រុងមួយនេះមានមហាសេដ្ឋីរស់នៅ៤២នាក់ បើធៀបនឹងឆ្នាំ២០១៨ កើនឡើង៨នាក់ ហើយបើសរុបជាលុយវិញមានចំនួន១០៩.២ពាន់លានដុល្លារ។ ក្នុងចំណោមមហាសេដ្ឋីទាំងអស់ គឺមានលោកDustin Moskovitz សហស្ថា​បនិកFacebook ដោយបច្ចុប្បន្នលោកមានលុយ១១.១ពាន់លានដុល្លារអាមេរិក។

ការហូរចូលនៃក្រុមហ៊ុនឌីជីថល បានប្រែក្លាយទីក្រុងមួយដែលទំនើប និងស៊ីវិល័យ របស់គ្រប់យ៉ាងបានឡើងថ្លៃ។

០៦) ទីក្រុង Shanghai ប្រទេសចិន

បើធៀបនឹងឆ្នាំ២០១៨ ទីក្រុងមួយនេះបានថយចុះមហាសេដ្ឋី មកនៅត្រឹម៤៥នាក់ និងមានលុយសរុបប្រមាណ១១០.៧ពាន់លានដុល្លារអាមេរិក។ ក្រៅពីជាទីក្រុងស៊ីវិល័យហើយនោះ Shanghai គឺជាទីក្រុងដែលមានភាពមម៉ាញឹកជាងគេ ក្នុងវិស័យដឹកជញ្ជូន។

០៥) ទីក្រុង London ប្រទេសអង់គ្លេស

Londonជាប្រទេសមួយ ដែលមានសណ្ឋគារលំដាប់ផ្កាយ៥ច្រើនជាងគេ នៅក្នុងពិភពលោក ហើយក៏ជាទីក្រុងដែលសម្បូរដោយមហាសេដ្ឋីរស់នៅផងដែរ បើតាមរបាយការណ៍គិតត្រឹមពេលនេះ គឺមានមហាសេដ្ឋី៥៥នាក់ កំពុងរស់នៅក្នុងទីក្រុងដ៏ស្រស់ស្អាតមួយនេះ។

០៤) ទីក្រុង Beijing ប្រទេសចិន

ជាទីក្រុងមួយដែលមានសេដ្ឋីវ័យក្មេងច្រើនជាងគេ នៅក្នុងប្រទេសចិន ដោយពួកសេដ្ឋីទាំងនោះ ភាគច្រើនរកស៊ីក្នុងវិស័យបច្ចេកវិទ្យា និងអចលនទ្រព្យ។ គិតត្រឹមពេលនេះ Beijing មាន​មហាសេដ្ឋីរហូតដល់៦១នាក់ ថយចុះ៣នាក់ បើធៀបឆ្នាំមុន ប៉ុន្តែបើសរុបទឹកប្រាក់វិញ គឺមានរហូតដល់១៩៣.៣ពាន់លានដុល្លារអាមេរិក ហើយកំពូលមហាសេដ្ឋីដែលឈរជើងនៅទីក្រុងនេះយូរ និងមានជាងគេគឺលោកWang Jianlin ជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យធំបំផុតរបស់ចិន ដែលមានឈ្មោះថាDalian Wanda Group។

០៣) ទីក្រុង Moscow ប្រទេសរុស្ស៊ី

មហាសេដ្ឋីដែលរស់នៅក្នុងទីក្រុងនេះ មានរហូតដល់៧១នាក់ ដោយបានថយចុះ ៦នាក់ បើធៀបនឹងឆ្នាំ២០១៨។ យោងតាមរបាយការណ៍បានបង្ហាញថា ជិត៨០ភាគរយនៃមហាសេដ្ឋីរុស្ស៊ីទាំងអស់ គឺរស់នៅក្នុង​ទីក្រុងមួយនេះ ព្រោះវាជាទីក្រុងស៊ីវិល័យជឿនលឿន។ មហាសេដ្ឋីភាគច្រើននៅក្នុងទីក្រុងនេះ គឺមានប្រភពចំណូលបានមកពីឧស្ម័នធម្មជាតិ ជាពិសេសគឺលោក Leonid Mikhelson ដែលជាស្ថាបនិក និងជាម្ចាស់ភាគហ៊ុនដ៏ធំរបស់ក្រុមហ៊ុនឧស្ម័នរុស្ស៊ី Novatek។

០២) ទីក្រុង Hong Kong

ទីក្រុងមួយនេះ មានមហាសេដ្ឋីរស់នៅ៧៩នាក់ បើធៀននឹងឆ្នាំ២០១៨ កើនឡើង ២នាក់។ ប្រហែលជា​ទីក្រុង​មួយនេះ សម្បូរទៅដោយពួកមហាសេដ្ឋីរស់នៅបែបនេះហើយ ទើបតម្លៃផ្ទះនៅក្នុងទីក្រុងនេះកើនឡើង៤ដង ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចថយចុះ ប៉ុន្តែតាមការប៉ាន់ប្រមាណ តម្លៃផ្ទះនឹងធ្លាក់ចុះបន្តិចវិញនៅឆ្នាំ២០១៩នេះ។ មហាសេដ្ឋីជាស្ដេចក្រាញ់ប្រចាំទីក្រុងនេះ គឺលោក Li Ka-shing។

០១) ទីក្រុង New York សហរដ្ឋអាមេរិក

ជាទីក្រុងប្រជុំទៅដោយក្រុមហ៊ុនធំៗ និងការរស់នៅបែបស៊ីវិល័យ ដែលគិតត្រឹមពេលនេះមានមហាសេដ្ឋីរស់នៅ​៨៤នាក់ កើនឡើង១នាក់បើធៀបនឹងឆ្នាំមុន។ លោក Michael Bloomberg គឺជាអ្នកមានលុយច្រើនជាងគេប្រចាំទីក្រុងមួយនេះ ដែលបច្ចុប្បន្នគាត់មានលុយរហូតដល់៥៥.៥ពាន់លានដុល្លារអាមេរិក។ មហាសេដ្ឋីដែល​រស់នៅទីក្រុងនេះគឺចម្រុះជាតិសាសន៍ និងចម្រុះជំនួញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here