ដោយគង់ សូរិយា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសូងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងថា កម្ពុជាត្រូវការលំនៅដ្ឋានចំនួន១ម៉ឺនខ្នងក្នុងមូយឆ្នាំ ហើយចំនួននេះគិតត្រឹមប្រជាពលរដ្ឋរស់នៅទីក្រុង និងតាមទីប្រជុំជនប៉ុណ្ណោះ។
ទេសរដ្ឋមន្ត្រីជា សុផារ៉ារដ្ឋមន្ត្រីក្រសូងរៀបចំដែនដី នគរូបនីយកម្មនិងសំ ណង់បានថ្លែងឲ្យដឹងនៅដើមសប្តាហ៍នេះថា ដោយសារការរីកចម្រើនសេដ្ឋកិច្ច កំនើនប្រាក់ចំណូលប្រជាពលរដ្ឋ និងការកើនឡើងនូវកត្តាប្រជាសាស្ត្របានធ្វើ ឲ្យកម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ១ម៉ឺនខ្នងជារៀងរាល់ឆ្នាំ ប៉ុន្តែតម្រូវការភាគច្រើនសម្រាប់ប្រជាជនមានជីវភាពមធ្យម និងក្រោមមធ្យម។ ហេតុនេះអ្នកអភិវឌ្ឍន៍ គួរផ្តោតវិនិយោគសាងសង់លំនៅដ្ឋាន មានតម្លៃទាបបន្ថែមទៀតនៅតំបន់ជាយក្រុង។
-->

លោកបន្តថា “ខ្ញុំគិតថាបើសាងសង់លំនៅដ្ឋាន មិនមានការរចនានិងបំពាក់សម្ភារៈបរិក្ខាច្រើន លំនៅដ្ឋានសាងសង់រួចអាចលក់ក្នុងតម្លៃទាបបាន។លោកបន្តថា “ជាមួយគ្នានេះពលករកម្ពុជាជាង១,២លាននាក់ ដែលកំពុងធ្វើការនៅបរទេសបានផ្ញើរប្រាក់២០០០លានដុល្លារក្នុងមួយឆ្នាំ ហេតុនេះអ្នកអភិវឌ្ឍន៍គួរធ្វើការជាមួយក្រសួងពាណិជ្ជកម្ម ឬក្រសួងពាក់ព័ន្ឋ ដើម្បីទទួលបានលុយទាំងនោះ ដែលអាចឲ្យអ្នកធ្វើការនៅបរទេសអាចទិញផ្ទះបាន។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាលោកឧកញ៉ាលី ហួរបានយល់ស្របនឹងការលើកឡើងរបស់ ទេសរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដោយលោកបានថ្លែងថា លំនៅដ្ឋានមានតម្លៃទាបពិតជាមានតម្រូវការច្រើន ដោយសារប្រជាជនស្ថិតក្នុងជីវភាពបែបនេះមានចំនួនច្រើន ជាក់ស្តែងលោកបានចាប់ផ្តើមគំរោងថ្មី ដែលសាងសង់ផ្ទះតម្លៃសមរម្យ នៅតាមបណ្តោយផ្លូវជាតិលេខ៦អា គឺលក់ដាច់យ៉ាងឆាប់រហ័សក្រោយប្រកាសគំរោងរួច។លោកបន្តថា លោកនឹងវិនិយោគលំនៅដ្ឋានតម្លៃទាប នៅពេលខាងមុខនេះ ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងពីប្រជាពលរដ្ឋក្នុងស្រុក។

លោកបន្តថា “ខ្ញុំមើលឃើញថាលំនៅដ្ឋានមានតម្លៃខ្ពស់ ការលក់មានភាពយឺតយ៉ាវ ខណៈតម្រូវការពិតប្រាកដភាគច្រើនជាអ្នកមានជីវភាពមធ្យម។
បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៤ កំពុងវិនិយោគលំនៅដ្ឋានតម្លៃសមរម្យ នៅតំបន់ជាយក្រុងភ្នំពេញ ក្នុងនោះក្រុមហ៊ុនមួយជាកម្មសិទ្ឋរបស់អ្នកវិនិយោគជប៉ុន។
លោកឧកញ៉ាលី ហួរបានបន្តថា បច្ចុប្បន្នការផ្គត់ផ្គង់លំនៅដ្ឋានមិនទាន់បានឆ្លើយតបនឹងតម្រូវការពេញលេញនៅឡើយទេ ពិសេសក្រុមប្រជាជនមានប្រាក់ចំណូលទាប និងអ្នកមានជីវភាពមធ្យម ដែលមានចំនួនច្រើននិងកំពុងកើនឡើងជារៀងរាល់ឆ្នាំ៕










