ដោយវុត្ថា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក្នុងគោលបំណងពិភាក្សា និងស្វែងរកយន្តការការពារផលប៉ះពាល់ជាសក្តានុពល ដែលបណ្តាលមកពីការរីករាលដាលជាសកល នៃវីរុស Covid-19 មកលើវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ តំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ បានបង្ហាញពីវិធានការផ្ទៃក្នុងរបស់ខ្លួន ដែលបានត្រៀមរួចជាស្រេច ក្នុងការទប់ទល់ការរីករាលដាលនៃវីរុសCovid-19 និងផលអវិជ្ជមានជាយថាហេតុផ្សេងទៀត។
ជាមួយគ្នានេះផងដែរធនាគារជាតិនៃកម្ពុជា បានណែនាំដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ លើចំណុចមួយចំនួនដូចជា ទី១ ត្រូវបន្តផ្តល់ឥណទានឱ្យបានកាន់តែសកម្មដល់វិស័យអទិភាព ដើម្បីធានានិរន្តភាពអាជីវកម្មទាំងនោះ ទី២ រក្សាភាពទន់ភ្លន់តាមលទ្ធភាពជាក់ស្តែង តាមរយៈការពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយ និងពន្យារពេលនៃការសងប្រាក់ដើម និងការប្រាក់ ជាពិសេសចំពោះម្ចាស់អាជីវកម្មក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យពាក់ព័ន្ធទេសចរណ៍ ជាដើម។
ទី៣ បន្តតាមដាន និងដាក់ចេញវិធានការការពារការរីករាលដាលនៃវីរុស Covid-19 ទៅលើបុគ្គលិក និងអតិថិជន ដើម្បីធានាឱ្យបាននិរន្តរភាពប្រតិបត្តិកា ររបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាប្រក្រតី៕






