លោកហេង សួរ៖ រោងចក្រសហគ្រាសចំនួន៤០ បានស្នើសុំព្យួរការងារ ព្រោះតែកង្វះវត្ថុធាតុដើមនាំចូលពីចិន

0

ដោយវុត្ថា

ភ្នំពេញ៖ លោក ហេង សួរ មន្រ្តីនាំពាក្យក្រសួងការងារ និងបណ្តោះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតរហូតដល់ត្រឹមថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២០នេះ មានរោងចក្រសហគ្រាសចំនួន៤០ ស្នើសុំព្យួរការងារ ព្រោះតែកង្វះវត្ថុធាតុដើម និងដោយសារផ្ទុះឡើង នៃជំងឺផ្លូវដង្ហើមកូវីដ១៩នៅក្នុងប្រទេសចិន។

លោក ហេង សួរ បានថ្លែងប្រាប់សារព័ត៌មាននៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ការសុំព្យួរការងារនេះ បានធ្វើឱ្យប៉ះពាល់ដល់កម្មករ-កម្មការិនីចំនួនជាង២ម៉ឺននាក់លើតួរលេខ៦ម៉ឺននាក់ដែលមានន័យថា រោងចក្រចំនួន៤០ដែលបានព្យួរការងារនេះមានកម្មករសរុបជាង៦ម៉ឺននាក់។

លោកបន្តថា តាមការគិតទុក ក្នុងករណីដែលដែលបង្ករឡើងដោយវីរុសកូវិដ១៩នេះគឺអាចប៉ះពាល់ដល់រោងចក្រជាង២០០នៅទូរទាំងប្រទេស។ប៉ុន្តែយ៉ាងណាក៏ដោយ ទាំងក្រសួងការងារ និងក្រសួងជំនាញជាប់ពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងរិះរកវិធីសាស្រ្តធ្វើយ៉ាងណាពន្លឿនការនាំចូលវត្ថុធាតុដើមពីចិនឲ្យបានឆាប់រហ័សបំផុត ដែលពេលនេះវត្ថុធាត់ដើមទាំងនោះបាន កំពុងដឹកចេញពីប្រទេសចិន ហើយកម្ពុជា និងបានទទួលមុនគេ។

លោកបានបញ្ជាក់ថា “ការបិទទ្វារបណ្តារោងចក្រទាំងអស់នេះ អាចប្រឈមក្នុងរយៈពេលបណ្តោះអាសន្ន ដោយសារយើងដឹងថា ខាងរោងចក្រផលិតវត្ថុធាតុដើមមួយចំនួននៅប្រទេសចិននឹងចាប់ផ្តើមដំណើរឡើងវិញនៅត្រឹមអំឡុងខែក្រោយ ហើយកម្ពុជា គឺជាប្រទេសអាទិភាពក្នុងការទទួលបានវត្ថុធាតុដើម ដើម្បីបន្តដំណើរការឡើងវិញ”។

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាដែលកំពុងប្រឈមរបស់បណ្តារោងចក្រកាត់ដេរនៅទូទាំងប្រទេសកម្ពុជា ដែលអាចជះឥទ្ធិពលអាក្រក់មកលើកម្មករ-កម្មាការិនីជាច្រើនដែលអាស្រ័យចំណូលពីការងារនៃវិស័យរោងចក្រ។

ជាមួយគ្នានេះ រដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវវិធានការបន្ទាន់ដែលអាចជួយសម្រួលនូវផលលំបាករបស់កម្មករ-កម្មការិនី ដោយការផ្តល់នូវប្រាក់បៀវត្សរ៍ចំនួន៦០ភាគរយនៃប្រាក់ខែគោល ដោយក្នុងនោះក្រុមហ៊ុនចំណាយ៤០ភាគរយ។

ស្ថានទូតចិនប្រចាំនៅកម្ពុជាបាននិយាយថា វត្ថុធាតុដើមប្រហែល៦០ភាគរយដែលត្រូវបានប្រើ នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅក្នុងប្រទេសកម្ពុជាគឺនាំចូលមកពីប្រទេសចិន។

ស្ថានទូតបានឱ្យដឹងថា “ការរីករាលដាលនៃ Covid-19 នៅក្នុងប្រទេសចិនកំពុងតែធ្វើឱ្យរោងចក្រនានាទទួលរងនៅផលប៉ះពាល់ និងធ្វើឱ្យរោងចក្រជាច្រើនប្រឈមមុខ នឹងកង្វះខាតវត្ថុធាតុដើម។ រដ្ឋាភិបាលចិនប្តេជ្ញាស្វែងរកដំណោះស្រាយឱ្យបានឆាប់រហ័សបំផុត។

រដ្ឋាបាលចិនកាលពីសប្តាហ៍មុន បានបញ្ជូនមន្ត្រីជំនាញពាក់ព័ន្ធ តាមរយៈអគ្គនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងពាណិជ្ជកម្មចិនបានមកកាន់ប្រទេសកម្ពុជា ស្វែងយល់ពីផលប៉ះពាល់ នៃកង្វះខាតការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់រោងចក្រកាត់ដេរ និងពីការព្យួរផ្នែកមួយ នៃប្រព័ន្ធអនុគ្រោះពន្ធក្រោមក្របខណ្ឌ EBA ដល់រោងចក្រសហគ្រាសនានា និងលទ្ធភាពនៃការគាំទ្ររបស់រដ្ឋាភិបាលចិនមកដល់កម្ពុជា ក្នុងការកាត់បន្ថយផលប៉ះពាល់ទាំងនេះ ក៏ដូចជាការលើកទឹកចិត្តដល់សហគ្រាសចិន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here