ការប្រមូលពន្ធគយក្នុងខែកុម្ភៈ មានការធ្លាក់ចុះនៅត្រឹម ២៣៥លានដុល្លារ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងការដាក់ចេញឱ្យអនុវត្តតាមផែនការដោយការប្រមូលចំណូលពីផ្នែកពន្ធគយនៅទូទាំងប្រទេសក្នុងឆ្នាំ២០២០ មានចំនួន២៥០លានដុល្លារក្នុង១ខែ ប៉ុន្តែសម្រាប់ខែកុម្ភៈកន្លងទៅនេះ ថវិការជាតិដែលប្រមូលបានពីពន្ធគយបានធ្លាក់ចុះនៅត្រឹម ២៣៥ លានដុល្លារតែប៉ុណ្ណោះ។

នៅក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានមានប្រសាសន៍ថា តាមផែនការដែលបានដាក់ចេញឱ្យអនុវត្តនៃការប្រមូលចំណូលថវិការដ្ឋតាមរយៈពន្ធគយ បានកំណត់ចំនួន២៥០លានដុល្លារក្នុងមួយខែ។

លោកបានមានប្រសាសន៍បន្តទៀតថា “នៅដើមឆ្នាំ២០២០ កាលពីខែមករា ការប្រមូលពន្ធគយ ទទួលសម្រេចបានចំនួន២៥៥លានដុល្លារ ដែលជាចំនួនលើសផែនការ ប៉ុន្តែសម្រាប់ការប្រមូលពន្ធគយនៅក្នុងខែកុម្ភៈ គឺមានការធ្លាក់ចុះនៅត្រឹមតែ២៣៥លានដុល្លារតែប៉ុណ្ណោះ ហើយនៅក្នុងខែមីនា អាចនឹងរំពឹងថាមានការធ្លាក់ចុះបន្តទៀត”។

លោកបានបន្តទៀតថា “ហេតុផលដែលបណ្តាលឱ្យមានការធ្លាក់ចុះនូវចំនួនប្រមូលពន្ធ គឺមានកត្តាចំនួន៣ ទី១ ដោយសារតែនៅក្នុងខែកុម្ភៈ ជារដូវបុណ្យចូលឆ្នាំចិន ដែលមនុស្សមួយចំនួន ជាពិសេសជនជាតិចិនដែលប្រកបអាជីវកម្មនៅក្នុងប្រទេសចាកចេញទៅប្រទេសចិនដែលជាស្រុកកំណើត ។ ទី២ បណ្តាលមកពីបញ្ហានៃការរាតត្បាតមេរោគ Covid-19 ដែលជាវិបត្តិសាកលកំពុងតែបន្តកើតមានគួរឱ្យព្រួយបារម្ភ ហើយទី៣ ដោយសារតែខែកុម្ភៈមានត្រឹម២៩ថ្ងៃ”។

ជាមួយនឹងការធ្លាក់ចុះនូវចំណូលថវិកាជាតិពន្ធគយនៅក្នុងខែកុម្ភៈ ដើមឆ្នាំ២០២០នេះ អាចជាសញ្ញាអវិជ្ជមានមួយដែលនឹងបន្តការធ្លាក់ចុះនៅក្នុងខែបន្ទាប់ ប្រសិនបើឥទ្ធិពលនៃភាពភ័យខ្លាចមេរោគ Covid-19 នៅតែបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here