សញ្ញាវិជ្ជមានៈទំនិញលក្ខណៈពាណិជ្ជកម្មសំរាប់ផ្គត់ផ្គង់វិស័យរោងចក្រចាប់ផ្ដើម មានភាពប្រសើរឡើង

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ដោយភាពប្រឈមទៅនឹងកង្វះខាតវត្ថុធាតុដើម ដែលផ្គត់ផ្គង់ដោយប្រទេសចិន បានធ្វើឱ្យបណ្តារោងចក្រជាច្រើន ដែលដំណើរការនៅកម្ពុជាបង្ខំចិត្តបិទទ្វារផ្អាកជាបណ្តោះអាសន្ន ខណៈដែលសញ្ញានៃការផ្គត់ផ្គង់វត្ថុធាតុដើម ចាប់ផ្តើមបង្ហាញសញ្ញាល្អវិញជាបណ្ដើរៗ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ លោក គុណ ញឹម បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះថា បន្ទាប់ពីជួបបញ្ហាប្រឈមរហូតបិទទ្វារជាបណ្តោះអាសន្ននោះ ពេលនេះសញ្ញាល្អនៃការនាំយកវត្ថុធាតុដើមសម្រាប់វិស័យរោងចក្រចាប់ផ្តើមបង្ហាញជាបណ្តើរៗហើយ។

លោកបានបន្តថា “សញ្ញាល្អនៃការផ្គត់ផ្គង់វត្ថុធាតុដើម ដែលអគ្គនាយកដ្ឋានគយមិនប្រមូលចំណូលសម្រាប់វិស័យកាត់ដេរ ពន្ធអាករបន្ទុករដ្ឋទាំងអស់កត់សម្គាល់ថា ឃើញងើបឡើងវិញ”។ លោកបន្ថែមថា “ទន្ទឹមនោះ ទំនិញដែលនាំចូលមកជាលក្ខណៈពាណិជ្ជកម្ម ដើម្បីយកមកលក់នៅក្នុងទីផ្សារក្នុងស្រុក ក៏ចាប់ផ្ដើមងើបឡើងវិញបន្ដិចផងដែរ។ ចឹង នេះជាសញ្ញាល្អ ដែលយើងនឹងតាមដានបន្តទៀត”។

គិតត្រឹមដើមសប្ដាហ៍កន្លងទៅនេះ មានរោងចក្រកាត់ដេរមួយចំនួនដែលអាស្រ័យលើការផ្គត់ផ្គង់វត្ថុធាតុដើម នាំយកមកពីប្រទេសចិន បានបិទទ្វារបណ្តោះអាសន្នជាបន្តបន្ទាប់ ដែលបណ្តាលឱ្យកម្មករ-កម្មការិនីប្រមាណ១៨,០០០នាក់ បាត់បង់ការងារ ជាមួយនឹងការព្យាករណ៍ថា នៅមានរោងចក្រច្រើនជាង២០០ទៀតដែលរងនូវផលប៉ះពាល់។

លោកគុណ ញឹម បានមានប្រសាសន៍ថា ជាការជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមរបស់វិស័យរោងចក្រ អគ្គនាយកដ្ឋានគយ នៅកំពង់ផែអន្ដរជាតិខេត្តព្រះសីហនុ នៅពេលនេះ ធ្វើការមិនកំណត់ពេលនោះទេ ពោលប្រសិនបើទំនិញមកដល់ម៉ោង១២ ឬម៉ោង១រំលងអធ្រាត្រ ក៏ត្រូវបំពេញបែបបទបញ្ជូនចេញដែរ មិនអាចពន្យាពេលបាននោះទេ ដើម្បីសម្រួលដល់រោងចក្រដែលកំពុងកង្វះវត្ថុធាតុដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here