ទីលានប្រណាំងរថយន្តលំដាប់ពិភពលោកលើកដំបូងនៅកម្ពុជារបស់ឧកញ៉ា ម៉ុង ឫទ្ធី ចាប់ផ្ដើមដំណើរការសាកល្បង

0

ដោយៈ រ៉ាណេត

កំពង់ស្ពឺៈ ទីលានប្រណាំងរថយន្តលំដាប់ពិភពលោកទី២ ដែលមានទីតាំងក្នុងខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា ក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ម៉ុង ឫទ្ធី និងក្រុមហ៊ុនជំនាញមកពីប្រទេសជប៉ុន ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមដំណើរការសាកល្បងជាជំហ៊ានដំបូង។

ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប បានសហការជាមួយនឹងក្រុមហ៊ុន YAMAMOTO ROCK PRODOUCTS Co.Ltd កាលពីដើមខែមករា ឆ្នាំ២០១៩កន្លងមកនេះ បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី គំរោងសហប្រតិបត្តិការអាជីវកម្ម សាងសង់ទីលានប្រណាំ​ងរថយន្តលំដាប់ថ្នាក់លេខ២នៅលើពិភពលោក ដែលជាគម្រោងវិនិយោគលើកដំបូងបំផុតនៅលើទឹកដី ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា។

តាមការឱ្យដឹងពីលោកឧកញ៉ា ម៉ុង ឫទ្ធី កាលពីពេលកន្លងទៅបានបញ្ជាក់ថា ទីលានកីឡាយានយន្តនេះ មិនសូវទទួលបានប្រាក់ចំណេញច្រើនទេ តែវានឹងអាចធ្វើជាស្ពានចម្លងនៃកិច្ចទំនាក់ទំនង រវាងក្រុមកីឡាករនៃប្រទេសជប៉ុន-កម្ពុជា រួមជាមួយនឹងបណ្ដាប្រទេសជាច្រើនទៀតនៅលើពិភពលោក ដែលស្រឡាញ់ចូលចិត្តកីឡាយានយន្តនេះផងដែរ។

លោកឧកញ៉ាបានបញ្ជាក់នៅលើគណនី ទំនាក់ទំនងសង្គមផ្ទាល់ខ្លួនថា លោកនឹងបង្កើតព្រឹត្តិការណ៍ ឱ្យមានការជួបជុំជាមួយអ្នកស្រឡាញ់ វិស័យកីឡាយានយន្តចាប់ពីពេលនេះតទៅ។ ខ្ញុំនឹងរៀបចំឱ្យបានជួបជុំគ្នាក្នុងរយៈពេលមួយខែឱ្យបានម្តង។

កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅទីលានប្រណាំងរថយន្តដ៏ថ្មីសន្លាង និងទាក់ទាញលើកដំបូងនៅកម្ពុជាមួយនេះ បានទទួលក្រុមអ្នកប្រណាំងម៉ូតូជាច្រើននាក់ ជាមួយនឹងការប្រារព្វព្រឹត្តិការណ៍ ប្រណាំងម៉ូតូលក្ខណៈមិត្តភាពគួរជាទាក់ទាញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here