លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ និស្សិតដែលសិក្សាផ្នែកវិស្វកម្មផ្នែកផ្លូវថ្នល់មានត្រឹមប្រមាណ ៣,៤ភាគរយប៉ុណ្ណោះ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ធនធាននិស្សិតដែលកំពុងតែសិក្សានៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តុះ និងសាកលវិទ្យាល័យនានានៅកម្ពុជា ចំនួននៅមានកម្រិតនៅឡើយទៅលើជំនាញផ្នែកវិស្វករសំណង់ផ្លូវថ្នល់ដែលមានត្រឹម ៣,៤ ភាគរយតែប៉ុណ្ណោះ ដែលទាមទារឱ្យមានការយកចិត្តទុកបណ្តុះបណ្តាលបន្ថែមទៀត។

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានមានប្រសាសន៍នៅក្នុងឱកាសអនុញ្ញាតឱ្យលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញ សមត្ថភាពអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ថា បច្ចុប្បន្ននេះ និស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានាទៅលើជំនាញវិស្វករផ្នែកផ្លូវថ្នល់គឺមានចំនួនតិចតួច ពោលគឺត្រឹមប្រមាណ៣,៤ភាគរយតែប៉ុណ្ណោះ។

លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា “សព្វថ្ងៃនេះ ក្រសួងបានធ្វើបច្ចុប្បន្នភាពជូនអំពីស្ថានភាពនៃការអភិវឌ្ឍបណ្តាញតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា គម្រោងពង្រីកបណ្តាញផ្លូវថ្នល់ពី២គន្លងទៅ៤គន្លង និងការលើកកម្ពស់ គុណភាពផ្លូវ ពីផ្លូវចាក់កៅស៊ូ ២ស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ដើម្បីឆ្លើយតបទៅនឹងកំណើនយានយន្ត និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា”។

នៅក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីប្រសិទ្ធភាពនៃការប្រើប្រាស់កម្មវិធីថែទាំផ្លូវ Road Care Mobile App ការប្តេជ្ញាជួសជុលផ្លូវជង្ហុកសំបុកមាន់ និងផ្លូវខូចឱ្យបាន៥០ភាគរយក្នុងរយៈពេល៣០ថ្ងៃតាមរយៈការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) និងកង្វះខាតវិស្វករផ្លូវថ្នល់នៅកម្ពុជាផងដែរ។

ស្ថិតនៅក្នុងគោលដៅនៃការស្ដារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរួមមានស្ពាន និងផ្លូវថ្នល់ នៅទូទាំងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរប្រកបដោយគុណភាពយូរអង្វែង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានស្នើសុំដល់រដ្ឋាភិបាលអូស្ត្រាលី ជួយបណ្តុះបណ្តាលជំនាញបន្ថែមដល់មន្ត្រីក្រសួងនៅកម្ពុជា ដើម្បីបានធ្វើការអភិវឌ្ឍទៅលើផ្នែកធនធានមនុស្សក្នុងវិស័យពាក់ព័ន្ធ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញ សមត្ថភាពអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការកត់សម្គាល់ចំពោះសំណើរបស់លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានលើកឡើង និងបានសន្យាថានឹងពិនិត្យមើលទៅលើសំណើក្នុងការជួយបង្កើតវគ្គបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សដល់មន្ត្រីក្រសួងដូចដែលការស្នើសុំផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here