ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិនៅទូទាំងប្រទេស ទាក់ទងនឹងបញ្ហា Covid-19 បើទោះបីជានៅក្នុងប្រទេសកម្ពុជា ពុំទាន់កើតមានករណីឆ្លងទាក់ទងទៅនឹងមេរោគនេះក៏ដោយ។
សម្ដេចតេជោ បានមានប្រសាសន៍នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ នៅមជ្ឈមណ្ឌលកោះពេជ្រថា “សូមបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន ដើម្បីទទួលបានសុខភាពល្អប្រសើរជាជាងការភ័យខ្លាច។ ជម្រើសនៃការភ័យខ្លាចមិនមែនជាជម្រើសល្អទេ តែជម្រើសក្លាហានក្នុងការចេះការពារ ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសល្អបំផុត ហើយការពារខ្លួនបានពីជំងឺគ្រប់ប្រភេទ។ សូមរួមគ្នាកុំទុកអ្នកណាម្នាក់ឱ្យនៅឯកោ ដោយពុំបានទទួលភោគផលពីកិច្ចអភិវឌ្ឍ”។
ជាមួយនឹងភាពផ្ញាក់ផ្អើលសារជាថ្មីបន្ទាប់ពីពិនិត្យឃើញថា បុរសជនជាតិជប៉ុនម្នាក់មានផ្ទុកមេរោគ Covid-19 នៅក្នុងប្រទេសជប៉ុន ខណៈដែលបុរសម្នាក់នេះបានធ្វើដំណើរចាក់ចេញពីព្រលានយន្តហោះក្រុងសៀមរាប ប្រទេសកម្ពុជា រហូតមកដល់ពេលនេះ ក្រុមអ្នកជំនាញនៃក្រសួងសុខាភិបាល រួមនឹងស្ថានប័នអន្តរជាតិដែលពាក់ព័ន្ធកំពុងតែព្យាយាមធ្វើការពិនិត្យ និងស្រាវជ្រាវដើម្បីទទួលបានលទ្ធផល។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រកាសជាថ្មីម្ដងទៀតថា រហូតមកដល់ថ្ងៃនេះ គ្មានវត្តមានវីរុសកូរ៉ូណាថ្មី ឬ Covid-19 កើតឡើងចំពោះប្រជាពលរដ្ឋណាម្នាក់នៅក្នុងប្រទេសកម្ពុជានោះទេ។ ដោយឡែកពាក់ព័ន្ធទៅនឹងអ្នកដែលធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ និងដោយប្រយោលជាមួយបុរសជនជាតិជប៉ុនដែលមានផ្ទុកមេរោគ គឺកំពុងតែស្ថិតនៅក្នុងការតាមដាន និងពិនិត្យ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមអ្នកជំនាញនៅឡើយ៕






