ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន TST Group Holding ដែលជាអ្នកផលិតវាយនភណ្ឌដ៏ធំ ដែលបានចុះបញ្ជីនៅតៃប៉ិ បានប្រកាសផែនការពង្រីកប្រតិបត្តិការ អាជីវកម្មរបស់ខ្លួននៅកម្ពុជាដើម្បីជួយដល់ការខ្វះខាតការនាំចូលវាយនភណ្ឌនា ពេលបច្ចុប្បន្នដោយសារCOVID-19។

ក្រុមហ៊ុនTST Group ដែលផ្គត់ផ្គង់នូវក្រណាត់ជាច្រើនប្រភេទ សម្រាប់សម្លៀកបំពាក់ធម្មតា និងសម្លៀកបំពាក់កីឡាសម្រាប់ម៉ាកអន្តរជាតិ ដូចជាម៉ាក Puma ម៉ាក Gap និងម៉ាក Adidas បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងបញ្ចូលទឹកប្រាក់ចំនួន២០លានដុល្លារទៅក្នុងការពង្រីកដើម្បីបង្កើនប្រព័ន្ធផលិតកម្មរបស់ខ្លួន។ នេះបើយោងតាមរបាយការណ៍មួយដែលបានចេញផ្សាយសប្តាហ៍នេះ។
របាយការណ៍បានបញ្ជាក់ថា “ក្រុមហ៊ុនបានសម្រេចចិត្តពង្រីកអាជីវកម្មរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដោយក្រុមហ៊ុនរំពឹងថា នឹងចាប់ផ្តើមផលិតសម្លៀកបំពាក់នៅឆមាសទី២ឆ្នាំក្រោយ។ នៅពេលប្រតិបត្តិការក្រុមហ៊ុនរំពឹងថា នឹងបង្កើតប្រាក់ចំណូលប្រចាំខែចំនួន៩,៩លានដុល្លារ”។
ក្រុមហ៊ុនមានប្រភពដើម៦០ភាគរយនៃអំបោះរបស់ខ្លួន មកពីប្រទេសវៀតណាម និង៤០ភាគរយមកពីប្រទេសចិន។
ក្រុមហ៊ុនបានឱ្យដឹងថា “យើងទទួលស្គាល់ការធ្លាក់ចុះតម្រូវការពីយីហោចិន នៅពេលមានការផ្ទុះឡើងនៃមេរោគនេះ ប៉ុន្តែការបញ្ជាទិញពីយីហោលោកខាងលិច សម្រាប់យើងនៅតែមិនមានផលប៉ះពាល់។ យើងក៏បានទិញស្តុក ដែលនឹងមានរយៈពេល៦ខែចំពេលមានកង្វះខាតសក្តានុពល”។
ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ស្បែកជើង និងទំនិញធ្វើដំណើរមានតម្លៃ៩,៣៥ ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ កើនឡើង១១ភាគរយបើធៀបនឹងឆ្នាំចាស់។ នេះបើយោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម៕






