បណ្តាញអូរសំខាន់ៗចំនួន៥ប្រវែង៣០គីឡូម៉ែត្រក្នុងក្រុងព្រះសីហនុបានស្ដារបាន សម្រច៥៥.៩៦ភាគរយហើយ

0

ដោយៈ រ៉ាណេត

ព្រះសីហនុៈ ស្ថិតនៅក្នុងផែនការសម្រុកសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្រោមការតាមដាន និងយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាល ដើម្បីប្រែក្លាយក្រុងព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងជាប៉ូលសេដ្ឋកិច្ចប្រចាំប្រទេស ជាលទ្ធផលពេលនេះសម្រាប់តែការស្ដារបណ្តាញអូររំដោះទឹកកខ្វក់ បានសម្រេចប្រមាណ៥៥,៩៦ភាគរយ ក្នុងប្រវែងសរុបចំនួនជិត៣០គីឡូម៉ែត្រ។

លោកកឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន រួមដំណើរជាមួយគណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយលោក គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា នៅក្នុងសប្ដាហ៍នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលវឌ្ឍនភាពនៃការស្តារអូរសំខាន់ៗទាំង៥ នៅក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីផងដែរ។

លោកកឹម បូរី បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូព្រឹទ្ធសភាថា ក្រុមការងា​ររបស់ក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនបានសហការជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី បាននិងកំពុងដោះស្រាយផលប៉ះពាល់ និងស្ដារអូរក្នុងក្រុងព្រះសីហនុយ៉ាងមមាញឹក សំដៅពន្លឿនការស្ដារឱ្យបានរួចរាល់មុនរដូវភ្លៀងធ្លាក់ ដើម្បីការពារជន់លិចលង់ដោយសារជំនន់ទឹកភ្លៀង នៅតាមតំបន់ ងាយរងគ្រោះនៅក្នុងក្រុងនោះ ក៏ដូចជារៀបចំប្រព័ន្ធប្រឡាយទឹកនៅទីក្រុងមួយនេះ ឱ្យមានបរិស្ថានស្អាត និងអនាម័យល្អ។

អូរទាំង៥នេះ មានប្រវែងសរុបចំនួន ២៩ ៧៩១ ម៉ែត្រ រួមមាន  អូរអណ្ដូងអ៊ុនតាក់ ប្រវែង៣១១៦ម៉ែត្រ អូរស្ពានឆេះប្រវែង១១៧០ម៉ែត្រ អូរសំអាតប្រវែង៣៧៧៥ម៉ែត្រ អូរអេម៉ារីអូប្រវែង១ ៩០៦ម៉ែត្រ និងអូរឈើទាលប្រវែង១៩ ៨២៤ម៉ែត្រ គិតត្រឹមខែមីនា ឆ្នាំ២០២០នេះ ការងារស្ដារសម្រេច បានប្រវែង១៦៦៧០ម៉ែត្រ ស្មើនឹង៥៥.៩៦ភាគរយ ហើយ ចំណែកឯការងារដែលនៅសេសសល់ ក្រសួង និងសហការជាមួយអាជ្ញាធរដែនដី ដើម្បីពន្លឿនការងារស្ដារ ឱ្យបានចប់សព្វគ្រប់នៅមុនរដូវភ្លៀងធ្លាក់មកដល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here