ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បច្ចុប្បន្ននេះ ដើម្បីបង្កភាពកាន់តែងាយស្រួលសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ក៏ដូចជាងាយស្រួលក្នុងការគ្រប់គ្រង ក្រសួងពាណិជ្ជកម្ម បាន និងកំពុង រៀបចំនូវអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដែលអាចនឹងគ្រោងចូលជាធរមាននៅចុងឆ្នាំ២០២០ខាងមុខនេះ។

នាយកដ្ឋាននីតិកម្មនៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជូនដល់វិស័យឯកជន កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ ក្រោមវត្តមានរបស់លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណៈកម្មការរៀបចំបទប្បញ្ញត្តិសម្រាប់អនុវត្តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងអ្នកតំណាងគ្រឹះស្ថានហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យម ពាណិជ្ជករ អាជីវករ ផងដែរ ។
លោក សុខ សុភ័ក្រ្ត បានមានប្រសាសន៍ថា “ការផ្សព្វផ្សាយច្បាប់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបនូវការយល់ដឹងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឱ្យបានទូលំទូលាយដល់វិស័យឯកជន ជាពិសេសបុគ្គលដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូចជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណិត គ្រឹះស្ថានធនាគារ និងក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ក្រុមហ៊ុនដឹកជញ្ជូន និងបុគ្គលពាក់ព័ន្ធសំខាន់ៗផ្សេងទៀត”។
លោកបានមានប្រសាសន៍បន្តទៀតថា “ដើម្បីអនុវត្តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះឱ្យមានប្រសិទ្ធភាព ក្រសួងពាណិជ្ជកម្មបាននឹងកំពុងរៀបចំនូវអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដែលនឹងកំណត់អំពីការលើកលែង ការកំណត់ប្រភេទអាជ្ញាបណ្ណ បែបបទ និងនីតិវិធីនៃការផ្តល់ការអនុញ្ញាត ឬអាជ្ញាបណ្ណ និងប្រកាសរួមជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក”។

ក្រៅអំពីការផ្សព្វផ្សាយខ្លឹមសារទូទៅនៃច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមធ្វើបទបង្ហាញពីវាគ្មិនតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីពីកំណត់ត្រាអេឡិចត្រូនិក និងហត្ថលេខាអេឡិចត្រូនិក តំណាងធនាគារជាតិនៃកម្ពុជាស្តីពីការទូទាត់/ការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងតំណាងអគ្គនាយកដ្ឋាពន្ធដារស្តីពីកាតព្វកិច្ចពន្ធ និងការលើកទឹកចិត្តសម្រាប់សហគ្រាសធុនតូច និងមធ្យមផងដែរ៕






