ការអភិវឌ្ឍហេដ្ឋារចនាម្ព័ន្ធក្នុងខេត្តសៀមរាបនៅតែបន្តជាប្រក្រតី ដើម្បីទប់ទល់ វិបត្តិកូវីដ១៩

0

ដោយហ្សូលី

សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប បានដាក់ចេញនូវវិធានការណែនាំបន្តឱ្យមានការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធនានា ដែលមាននៅក្នុងខេត្តសៀមរាបដដែល បើទោះបីជាមានការផ្ទុះវីរុសកូរ៉ូណាឬកូវីដ១៩ក៏ដោយ។

លោកទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងវិស័យឯកជន កាលពីព្រឹកថ្ងៃទី៨ មីនា ឆ្នាំ ២០២០កន្លងទៅ ក្នុងគោលបំណងដោះស្រាយ និងចាត់វិធានការផ្សេងៗ ខណៈវីរុសកូរ៉ូណាបានកំពុងផ្ទុះ។

អភិបាលខេត្តសៀមរាប លោកទៀ សីហា បានណែនាំនិងដាក់វិធានការឱ្យអាជ្ញាធរខេត្តទាំងអស់នៅតែបន្តដំណើរការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាធម្មតា ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក្រោយពីចប់វិបត្តិមេរោគកូរ៉ូណាឬកូវីដ១៩នេះ។

មិនតែប៉ុណ្ណោះ ការវិនិយោគស្ទឹងសៀមរាបទៀតសោត ក៏ត្រូវប្រញាប់រួសរាន់ក្នុងការជម្រុញបើកការដ្ឋានផងដែរ។

ក្នុងកិច្ចប្រជុំបន្ទាន់នោះ លោកទៀ សីហា ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាស និយោជិត ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ធនាគារ ត្រូវចូលរួមសហការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងវិរុសកូវីដ នៅតាមទីប្រជុំជន កន្លែងសំខាន់ៗ ក្នុងក្រុងសៀមរាប ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរៀងៗខ្លួន។

លើសពីនេះ លោកទៀ សីហា បានណែនាំដល់ក្រុង/ស្រុកទាំង១២ ត្រូវតែបន្តការរៀបចំសក្តានុពលទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យក្លាយជាអេកូទេសចរណ៍ និងវប្បធម៌ យ៉ាងយូរមិនឱ្យលើសពីមួយឆ្នាំ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here