ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានដាក់ឈ្មោះឲ្យផ្លូវជាតិ៥៥ ឬផ្លូវវាលវែងថាជា “ផ្លូវបុប្ផាលាក់ខ្លួន” ខណៈផ្លូវនេះពីមុនមិនងាយអ្នកណាមកដល់ និងស្គាល់នោះទេ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ឈ្មោះ បែបនេះ នាថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២០ នៅក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។
-->
ផ្លូវជាតិលេខ៥៥ មានប្រវែងសរុប ១៨២.១៦គីឡូម៉ែត្រ តភ្ជាប់ពីពោធិ៍សាត់ ឆ្លងកាត់ស្រុកវាលវែង ទៅដល់ថ្មដាព្រំដែនកម្ពុជា-ថៃ។ ផ្លូវនេះចំណាយថវិកាសាងសង់សរុប ១៣២.៨០ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់នានា និងការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ទន្ទឹមនឹងការដាក់ឱ្យដំណើរការផ្លូវជាតិលេខ៥៥ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងប្រកាសបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែថ្មីទៀត គឺផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលមានប្រវែងសរុប ១៩៨.៧១គីឡូម៉ែត្រ គ្រោងចំណាយថវិកាសរុបប្រមាណ ១៨៨.៣៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕