ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយទៀតនៅត្រង់ចំណុច “ច្រកថ្មដា” ដែលមានព្រំប្រទល់ជាមួយខេត្តពោធិ៍សាត់របស់កម្ពុជា និង ខេត្តត្រាតរបស់ថៃ ដើម្បីបង្កើនទំហំពាណិជ្មកម្ពុជារវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែននៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២០ នៅក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុងបានណែនាំឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ សម្តេចស ខេង លោក ប្រាក់ សុខុន ពិភាក្សាជាមួយភាគីថៃ ឲ្យបើកច្រកទ្វារអន្តរជាតិ ព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ឲ្យក្លាយជាព្រំដែនអចិន្រ្តៃយ៍ដើម្បីឲ្យទំហំពាណិជ្ជកម្មកម្ពុជាកើនឡើង។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណ ការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវជាតិលេខ៥៥ នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញពីកម្ពុជា ទៅថៃ ក៏ដូចពីថៃមកកម្ពុជា ព្រមទាំងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋក្នុងស្រុកវាលវែង ទៅកាន់ខេត្តពោធិ៍សាត់ផងដែរ។
លោកបន្តថា ផ្លូវជាតិលេខ៥៥ មានប្រវែងសរុបជាង ១៨២គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមកម្ចីហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន ដែលមានទឹក ប្រាក់ប្រមាណ ១៣២លានដុល្លារអាមេរិក។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានចាត់ទុកផ្លូវជាតិលេខ៥៥ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់កម្ពុជា ព្រោះថាផ្លូវនេះ ប្រើសម្រាប់ដឹកជញ្ជូនទំនិញពីកម្ពុជាទៅកំពង់ផែទឹកជ្រៅលឹមជាបាង នៅក្នុងប្រទេសថៃ ដើម្បីឆ្លងកាត់ទៅប្រទេសផ្សេង ក៏ដូចជាដឹកទំនិញ ពីប្រទេសផ្សេងចេញពីកំពង់ផែលឹមជាបាង មកក្នុងប្រទេសកម្ពុជា។
លោកថា “ក្រៅពីនោះផ្លូវមួយខ្សែនេះ ក៏នឹងជួយឲ្យប្រជាពលរដ្ឋក្នុងស្រុក វាលវែងងាយស្រួលក្នុងការដឹកជញ្ជូនកសិផលរបស់ពួកគេទៅកាន់ខេត្តពោធិ៍សាត់ផងដែរ”។
ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ដែលជាប្រទេសភូមិផងរបងតែមួយ បានកើនឡើងជិតដល់១០ពាន់លានដុល្លារហើយ នៅឆ្នាំ២០១៩កន្លងទៅនេះ ខណៈប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ចង់ឃើញទំនាក់ទំនងពាណិជ្ជកម្មនេះ កើនឡើង១៥ពាន់លានដុល្លារ៕






