ដោយវុត្ថា
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មឱ្យដឹងថា បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសក្នុងសន្និសិទសារព័ត៌មានស្តីពី ការរកឃើញករណីមេរោគCOVID-19 លើជនជាតិខ្មែរមួយរូប នៅខេត្តសៀមរាប ក្រសួងពាណិជ្ជកម្ម បានសង្កេតឃើញថា ម្ចាស់ហាងលក់ទំនិញធំៗ បងប្អូនអាជីវករ អ្នកលក់ដូរទំនិញទូទៅភាគច្រើន នៅរក្សាការផ្គត់ផ្គង់ទំនិញ និងបន្តលក់ទំនិញតាមតម្លៃធម្មតា ទោះបីមានប្រជាពលរដ្ឋមួយចំនួន សម្រុកទិញទំនិញច្រើនមុខខុសប្រក្រតីក៏ដោយ។
យោងតាមសេចក្តីអំពាវនាវរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២០ នេះ ក៏បានសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តចំពោះម្ចាស់ហាងលក់ទំនិញ និងបងប្អូនអាជីវករទាំងនោះជាខ្លាំង។
ក្រសួងពាណិជ្ជកម្មឱ្យដឹងទៀតថា ក្នុងពេលជាមួយគ្នានេះ មានហាងលក់ទំនិញមួយចំនួនតូច បានឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញ ដូចជា ម៉ាស់ការពារមុខ អាកុលលាងដៃ និងទំនិញចាំបាច់មួយចំនួនទៀត ដែលសកម្មភាពទាំងនេះ អាចបង្កឲ្យមានចលាចលក្នុងសង្គមធ្ងន់ធ្ងរ។
ក្នុងស្ថានភាពនេះ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវ ដូចជា ទី១ សូមប្រជាពលរដ្ឋមេត្តាជ្រាបថា បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិនដែលមានក្នុងប្រទេស អាចធានាដល់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសទៀតផង។ ទី២ សូមប្រជាពលរដ្ឋមេត្តារក្សានូវភាពហ្នឹងនរ កុំជ្រួលច្របល់ហួសហេតុ នាំឲ្យជនឱកាសនិយម អាចឆ្លៀតយកចំណេញ តាមរយៈការលក់ដំឡើងថ្លៃទំនិញដោយមិនសមហេតុសមផល។
ទី៣ សូមម្ចាស់ហាងទំនិញទូទៅ ប្រកាន់នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញស្រេចតែអំពើចិត្ត។ ក្នុងករណីរកឃើញភាពមិនប្រក្រតី អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់។
ជាមួយគ្នា ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងសហការជាមួយស្ថាប័ន ផ្សេងទៀត ចាត់វិធានការសមស្រប ដើម្បីធានានូវចរាចរទំនិញទូទៅ និងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគចាំបាច់ សម្រាប់បម្រើជីវភាពរបស់ប្រជាជនយើងនៅក្នុងកាលៈទេសៈនេះ។
ក្រសួងពាណិជ្ជកម្ម នឹងចាត់មន្ត្រីជំនាញ ឲ្យសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះស្រាវជ្រាវ និងត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ព្រមទាំងដាក់ចេញនូវវិធានការផ្លូវច្បាប់ក្នុងករណីរកឃើញជនខិលខូច ដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ កេងចំណេញជ្រុលហួសហេតុ៕






