សម្តេចតេជោហ៊ុន សែនៈ អគ្គិសនីកម្ពុជានិងរដ្ឋាករទឹកត្រូវផ្តល់ការយោគយល់ឱ្យកម្មកររោងចក្រដែលព្យួរការងារជំពាក់សិន

0

ដោយ ហ្សូលី

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់អគ្គិសនីកម្ពុជា និងរដ្ឋាករទឹក គួរតែផ្តល់ការយោគយល់ដល់កម្មករ កម្មការិនីរោងចក្រ ឱ្យជំពាក់ថ្លៃទឹកភ្លើងសិន ខណៈដែលកម្មករកម្មការិនីកំពុងត្រូវបានផ្អាកការងារ។

សម្តេចតេជោហ៊ុន សែន បានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង នៅព្រឹកថ្ងៃទី៩ មីនា ២០២០។

សម្តេចបានមានប្រសាសន៍ថា “ខ្ញុំស្នើឱ្យអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹក នៅកន្លែងខ្លះកម្មករគ្នាត្រូវព្យួរការងារ អញ្ចឹងទៅត្រូវខ្វះលុយបង់ថ្លៃភ្លើង បង់ថ្លៃទឹក អញ្ចឹងអាចផ្តល់ការយោគយល់ឱ្យជំពាក់សិន”។សម្តេចបន្តថា “ការពិតទៅកម្មករកម្មការិនីគ្នាប្រើទឹកប្រើភ្លើងក្រោម ៥០គីឡូវ៉ាត់ទេ វាអត់ច្រើនទេ តែគ្នាមានតម្រូវការ ព្រោះខ្ញុំបានទទួលត្រឹមតែ៦០% ថៅកែចេញ៤០% រដ្ឋចេញ២០% ដូច្នេះយោគយល់ការលំបាក”។

ទន្ទឹមនេះ សម្តេចបានបញ្ជាឱ្យ លោកស៊ុយ សែម និង លោកកែវ រតនៈ ពិនិត្យអំពីបញ្ហានេះ ដោយសម្តេចបញ្ជាក់ថា ផលប៉ះពាល់ទៅលើបញ្ហានេះមានមិនច្រើនទេ ប៉ុន្កែក៏មិនមែនប៉ាវទូទៅដែរ ព្រោះថាបើផ្ទះសំណាក់ សណ្ឋាគារ ក៏សុំឱ្យជំពាក់ឬមិនបង់ថ្លៃដែរនោះក៏មិនកើតដែរ កាលណាសណ្ឋាគារមិនដំណើរការមានអីត្រូវប្រើភ្លើង។

សម្តេចបានសង្កត់ធ្ងន់ថា “ជំហានដំបូងដែលត្រូវដោះស្រាយនោះ គឺកម្មករជាមុនសិន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here