ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលត្រៀមបម្រុងទុកចំនួន៤០០លានដុល្លារ សម្រាប់ទប់ទល់ជាមួយនឹងភាពប្រឈម នៃការរាតត្បាតមេរោគCovid-19 ដែលកំពុងកើតមានមួយករណីមកលើជនជាតិកម្ពុជាលើកដំបូងនៅក្នុងក្រុងសៀមរាប។ នេះបើតាមការឱ្យដឹងពីសំណាក់ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ថ្លែងនៅក្នុងពិធីបើកអង្គសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈ” កាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានលើកឡើងថា “ជាមួយនឹងបញ្ហានៃភាពប្រឈមមេរោគCovid-19 រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើសុខមាលភាពរបស់កម្ពុជា ជាពិសេសពង្រឹងនិងបង្កើនការចិត្តទុកដាក់ ក្នុងការផ្សព្វផ្សាយពីកិច្ចការពារខ្លួន ទៅដល់ប្រជាពលជនទូទាំងប្រទេសដោយការព្យាយាមរក្សានូវអនាម័យឱ្យបានជាប់ជាប្រចាំ។
លោកបន្តថា “មកទល់នឹងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ទៅលើសុខមាលភាព របស់ប្រជាជនទូទាំងប្រទេស ជាមួយនឹងការត្រៀមបម្រុនូវកញ្ចប់ថវិកាចំនួន៤០០លានដុល្លារ សម្រាប់ទប់ទល់ជាមួយនឹងវិតបត្តិមេរោគ Covid-19 នេះ”។ លោកបានបន្តទៀតថា “ដូចប្រមុខរាជរដ្ឋាភិបាលធ្លាប់បានមានប្រសាសន៍រួចមកហើយថា ភាពប្រឈមខ្លាំងមិនមែនបញ្ហានៃមេរោគCovid-19 នោះទេ ប៉ុន្តែភាពភ័យខ្លាច និងការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយគ្មានមូលដ្ឋានច្បាស់លាស់ទើបជាបញ្ហា”។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារូមនេះ បានមានប្រសាសន៍បន្តទៀតថា “គិតមកទល់នឹងបច្ចុប្បន្ននេះ ភាពប្រឈមនៃការមេរោគCovid-19 ត្រូវបានកាត់បន្ថយក្នុងអត្រាខ្ពស់ ដែលការទប់ស្កាត់នៃការរីករាលដាល ត្រូវបានធ្វើឡើងប្រកបដោយលទ្ធផលវិជ្ជមាន ហើយថ្នាំបង្ការប្រឆាំងនឹងមេរោគនេះ គ្រោងនឹងត្រូវបានដាក់ចេញឱ្យប្រើប្រាស់នៅត្រឹមចុងខែមីនា ឆ្នាំ២០២០ឆាប់ៗខាងមុខនេះ ខណៈដែលប្រទេសចិន និងសហរដ្ឋអាមេរិក ទទួលបានភាពជោគជ័យខ្ពស់ក្នុងការពិសោធន៍ និងកំពុងជម្រុញការផលិត”៕






