ធនាគារអភិវឌ្ឍន៍អាស៊ីៈការផ្ទុះឡើងនៃវីរុសCOVID-19 នឹងកាត់បន្ថយកំនើនសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីនៅឆ្នាំនេះ

0

ដោយ ប៊ី

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានព្យាករណ៍កាលចុងសប្តាស៍នេះថា ការ​ផ្ទុះឡើងនៃវីរុស COVID-19 នេះ នឹងកាត់បន្ថយកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីដែលកំពុងអភិវឌ្ឍ និងនៅជុំវិញពិភពលោកនៅឆ្នាំនេះ។

មនុស្សជាង៣,២០០នាក់ នៅទូទាំងពិភពលោកបានស្លាប់ ដោយសារជំងឺផ្លូវដង្ហើម ដែលអាចបណ្តាលឱ្យមានជំងឺរលាកសួតនេះ ធ្វើឱ្យប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុ និងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច។

ធនាគារ ABD ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលបានឱ្យដឹងថា ការផ្ទុះឡើងនេះអាចកាត់បន្ថយផលិតផល ក្នុងស្រុកសរុបរបស់ពិភពលោកពី០,១ ទៅ០,៤ភាគរយដោយការព្យាករណ៍អំពីការបាត់បង់ហិរញ្ញវត្ថុ អាចឈានដល់ចន្លោះពី៧៧ពាន់លានដុល្លារទៅ ៣៤៧ពាន់លានដុល្លារ។

ធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់ថា នៅក្នុងការវិភាគដែលបានគូសបញ្ជាក់ពីសេណារីយ៉ូដែលល្អបំផុត និងអាក្រក់បំផុតថា កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិនអាចត្រូវបានកាត់បន្ថយត្រឹម០,៣ភាគរយ ស្មើនឹង១,៧ភាគរយ និងប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ដោយមិនរាប់បញ្ចូលប្រទេសចិន អាចត្រូវបានកាត់បន្ថយត្រឹម០,២ភាគរយ ស្មើនឹង ០,៥ភាគរយ។

ធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងទៀតថា ការផ្ទុះឡើងនៃវីរុសនេះ អាចនាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតម្រូវការក្នុងស្រុក ទេសចរណ៍ និងការធ្វើដំណើរអាជីវកម្ម ពាណិជ្ជកម្ម និងផលិតកម្ម ការរំខានដល់ការផ្គត់ផ្គង់ ការធ្វើឱ្យប៉ះពាល់ដល់កំណើននៅអាស៊ីដែលកំពុងអភិវឌ្ឍន៍។

លោក Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ បាននិយាយកាលពីថ្ងៃពុធកន្លងមកនេះថា “ការរីករាលដាលនៃវីរុសនេះ បានធ្វើឱ្យបាត់ក្តី     សង្ឃឹ​មសម្រាប់កំណើនសេដ្ឋកិច្ចកាន់តែខ្លាំងនៅឆ្នាំនេះ ហើយនិងធ្វើឱ្យទិន្នផលសកលលោក២០២០ ឈានដល់ល្បឿនយឺតបំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨-២០០៩”។

ធនាគារពិភពលោកបានឱ្យដឹងថា ខ្លួនកំពុងផ្តល់ថវិកាចំនួន១២ពាន់លានដុល្លារជាបន្ទាន់ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ កែលម្អសេវាកម្មសុខភាព ការឃ្លាំមើលជំងឺ ការទទួលបានការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងដើមទុនសម្រាប់អាជីវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here