ដោយវុត្ថា
ភ្នំពេញៈ ច្បាប់ភូមិបាល ជាច្បាប់គ្រឹះមួយដែលត្រូវបានអនុម័ត និងប្រកាសអោយប្រើកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ក្នុងគោលដៅកំណត់អំពីរបបកម្មសិទ្ធិលើអចលនវត្ថុទាំងឡាយ (ដី) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រទេសកម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសមួយក្នុងតំបន់អាស៊ាន ដែលវិស័យដីធ្លីនៅទូទាំងប្រទេសទើបតែចាប់ផ្តើមកសាង និងស្តារឡើងវិញចាប់តាំងពីឆ្នាំ១៩៧៩ ក្រោយពីសង្គ្រាមបំផ្លាញខ្មែរគ្នាឯង (សម័យខ្មែរក្រហម ឬ ប៉ុល ពត) បានចប់រលត់នៅឆ្នាំ១៩៧៩។
ដីធ្លីនៅទូទាំងប្រទេស ត្រូវបានចែកជូនប្រជាពលរដ្ឋ ដើម្បីសង់លំនៅដ្ឋាន ធ្វើចំការ ធ្វើស្រែ ដោយមិនមានច្បាប់ និងយន្តការគ្រប់គ្រងច្បាស់លាស់ណាមួយឡើយ រហូតដល់ឆ្នាំ១៩៩៤ ទើបប្រទេសកម្ពុជាបានបង្កើតច្បាប់មួយ ដើម្បីគ្រប់គ្រងវិស័យដីធ្លីនៅកម្ពុជា នោះគឺច្បាប់ភូមិបាល ឆ្នាំ១៩៩៤ ប៉ុន្តែច្បាប់នេះហាក់ខ្លីពេក ហើយមិនមានខ្លឹមសារអនុវត្តគ្រប់គ្រាន់សម្រាប់វិស័យដីធ្លីនៅកម្ពុជានោះទេ។ ដូច្នេះហើយ ទើបក្នុងឆ្នាំ២០០១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តច្បាប់ភូមិបាលថ្មីមួយទៀត ដែលត្រូវបានប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រក/០៨០១/១៤ ។
នៅក្នុងច្បាប់ភូមិបាលថ្មីនេះ ថ្វីត្បិតតែវាមិនបានចែងអោយទូលំទូលាយ និងគ្រប់គ្រាន់ដើម្បីគ្រប់គ្រងវិស័យដីធ្លីនៅកម្ពុជាក៏ពិតមែន ប៉ុន្តែវាបានរួមចំណែកយ៉ាងច្រើនបំផុត ដើម្បីកំណត់អំពីយន្តការ ការគ្រប់គ្រង និយមន័យ និងរបបកម្មសិទ្ធិលើវិស័យដីធ្លីនៅកម្ពុជាបានយ៉ាងទូលំទូលាយ។
ច្បាប់ភូមិបាលគឺជាច្បាប់គ្រឹះដែលត្រូវបានអនុម័តឡើង ដើម្បីគ្រប់គ្រងវិស័យដីធ្លីនៅកម្ពុជា (ដែលហៅថា “វិស័យអចលនវត្ថុ”) ដូចជា សិទ្ធិ កាតព្វកិច្ច របស់ភោគី និងកម្មសិទ្ធិករនៃអចលនវត្ថុ នៅព្រះរាជាណាចក្រកម្ពុជា និងក៏ជាច្បាប់ដែលចែងអំពី ភាពស្របច្បាប់ និងភាពមិនស្របច្បាប់នៃការកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជាផងដែរ៕