ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងសៀមរាបចំនួន១០១ខ្សែនឹងបញ្ចប់រួចរាល់នៅ ក្នុងរយៈពេល៣ខែទៀត

0

ដោយវុត្ថា

ភ្នំពេញៈ អភិបាលខេត្តសៀមរាប លោកទៀ សីហា បានអះអាងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន១០១ ខ្សែនៅក្នុងក្រុងសៀមរាបដែលកំពុងស្ថាបនា និងជួសជុលនឹងបញ្ចប់ រួចរាល់នៅក្នុងរយៈពេល៣ខែទៀត ខណៈហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗទាំងនេះបាននឹងកំពុងមមាញឹកក្នុងស្ថាបនា និងជុសជុល។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងឱកាសចុះត្រួតពិនិត្យសកម្មភាពស្ថាបនាផ្លូវនានាក្នុងក្រុងសៀមរាបនាព្រឹកថ្ងៃទី៩ខែមីនា ឆ្នាំ២០២០កន្លងមក អភិបាលខេត្តវ័យក្មេងរូបនេះបានថ្លែងថា បើទោះបីស្ថានភាពភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប មានការថយចុះយ៉ាងណាក្តី ក៏អាជ្ញាធរខេត្តសៀមរាប បានកំពុងតែបង្កើនការងារអភិវឌ្ឍន៍ជាច្រើននៅក្នុងខេត្ត។

លោកបន្តថា ផ្លូវចំនួន១០១ខ្សែ នៅក្នុងក្រុងសៀមរាបបានកំពុងស្ថាបនា និងជួសជុល ក្នុងនោះមានផ្លូវប្រភេទចាក់បេតុង ផ្លូវចាក់កៅស៊ូ និងផ្លូវក្រាលគ្រួសក្រហម ហើយផ្លូវទាំងនេះ និងរួចរាល់ អាចធ្វើចរាចរបាននៅក្នុងអំឡុង៣ខែទៀត បើសិនជាគ្មានបាតុភូអ្វីធ្វើឱ្យប៉ះពាល់ដំណើរការងារសាងសង់នេះ។

លោកបន្ថែមថា ក្រៅពីនេះអាជ្ញាធរខេត្តសៀមរាប បានកំពុងតែជំរុញឱ្យអាជ្ញាធរក្រុងស្រុក បង្កើនការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍ថ្មីៗ ផ្សេងៗក្រៅពីប្រាសាទ ឱ្យចប់នៅត្រឹមឆ្នាំនេះ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ដែលឯកឧត្តមរំពឹងថា៦ខែឬ១ឆ្នាំទៀត ភ្ញៀវទេសចរ និងមកទស្សនាខេត្តសៀមរាបច្រើនឡើងវិញ។

លោកទៀ សីហាបានសម្តែងសុទិដ្ឋិនិយមថា ពេលនោះខេត្តសៀមរាប និងមានអ្វី​ៗល្អទទួលភ្ញៀវទេសចរបាន ដូចជាមានផ្លូវស្អាត មានផ្ទះស្អាត និងមានតំបន់ទេសចរណ៍ថ្មីៗជាច្រើនទៀតក្រៅពីអង្គរ។ ជាមួយគ្នានេះដែរ អាជ្ញាធរខេត្តសៀមរាបក៏មានផែនការអភិវឌ្ឍន៍ក្រុងឆ្នាំ២០២០ដល់ឆ្នាំ២០២៤ ក្នុងគោលដៅធ្វើយ៉ាងឱ្យខេត្តសៀមរាបកាន់តែមានភាពរីកចម្រើន។

ជាលទ្ធផលនៅថ្ងៃនេះ  លោកទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំមន្ទីរ អង្គភាពចុះពិនិត្យការដ្ឋានសាសង់ផ្លូវចំនួន ៣ខ្សែក្នុងនោះ ទី១-ផ្លូវភូមិតាវៀន ចាប់ពីក្រោយផ្សារលើ កាត់ផ្ទះតាអុចរហូតដល់ផ្លូវវាងក្រុង មានប្រវែង១២៥០ម៉ែត្រ ទទឹង១០ម៉ែត្រ និងដាក់លូមុខកាត់ ១ម៉ែត្រ(លូជ្រុង) ហើយផ្លូវនេះអនុវត្តបាន ប្រមាណ ៩៧% ដែលជាគម្រោងរបស់រដ្ឋបាលខេត្ត ដោយសាងសង់ប្រភេទផ្លូវបេតុង។

ទី២-ផ្លូវភូមិតាវៀនចាប់ពីផ្លូវ៧មករា ចំណុចហាងលក់គ្រឿងសំណង់លី ហាំងសេង​រហូតដល់ក្រោយគ្លីនិក នាគទេពមឋនប្រវែង៧៩០ម៉ែត្រ ទទឹង៦,៥ម៉ែត្រ (លូជ្រុង) ហើយផ្លូវនេះអនុវត្តបានប្រមាណ៣០% ដែលជាគម្រោងរបស់រដ្ឋបាលខេត្ត ដោយសាងសង់ផ្លូវប្រភេទផ្លូវបេតុង និងទី៣-ផ្លូវក្រវ៉ាត់ក្រុង ចាប់ពីចុងកៅស៊ូរហូតដល់ផ្លូវបំបែកជន្លង់មានប្រវែង២២៣០ ទទឹង១៤ម៉ែត្រ អនុវត្តបាន ៦០% និងការដាក់លូមូលមុខកាត់១ម៉ែត្រតាមបណ្តោយផ្លូវ អនុវត្តបាន៧០% ដែលជាគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដោយសាងសង់ផ្លូវប្រភេទផ្លូវ DBST៕

LEAVE A REPLY

Please enter your comment!
Please enter your name here