ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បើទោះជាស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមទៅនឹងភាពខ្វះខាតការផ្គត់ផ្គង់វត្ថុធាតុដើម ខណៈដែលរដ្ឋាភិបាលចិនកំពុងជំរុញ និងជួយដោះស្រាយ រដ្ឋាភិបាលកម្ពុជានៅតែបន្តទទួលបានសំណើរលើការវិនិយោគបន្ថែមពីសំណាក់ក្រុមហ៊ុនជាតិ និងអន្តរជាតិបន្ថែមចំនួន៤គម្រោង ដែលមានទំហំទុនសរុប ១៧,៤លានដុល្លារ។
ជាការឆ្លើយតបទៅនឹងការស្នើសុំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុញ្ញាត និងអនុម័តលើគម្រោងបើករោងចក្រថ្មីចំនួន៤ទៀតឱ្យដំណើរការក្រោមទុនវិនិយោគសរុបចំនួន១៧,៤លានដុល្លារ ដែលមានទីតាំងស្ថិតនៅខេត្ត / ក្រុងចំនួន៣ផ្សេងគ្នា ។
គម្រោងបង្កើតរោងចក្រថ្មីចំនួន៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពររួមមាន៖
១- ក្រុមហ៊ុន TIMBERPACK CARTON CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣៦កន្លែង។
២- ក្រុមហ៊ុន FORTRESS INTERNATIONAL CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៩២៨ កន្លែង។
៣- ក្រុមហ៊ុន QI YOU FOOTWEAR (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៨៣៤ កន្លែង។
៤- ក្រុមហ៊ុន TEXSSEL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ កន្សែងបង់ក មួក ស្រោមដៃ ស្រោមជើង ភួយ បូគ្រប់ប្រភេទ និងវាយនភណ្ឌបម្រើក្នុងផ្ទះ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិសេរីភត្ត ឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ០៣៤ កន្លែង៕










