ដោយ ហ្សូលី
ភ្នំពេញ៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានឱ្យដឹងថា វិស័យទេសចរណ៍ក្នុងតំបន់អាស៊ីដាំក្បាលចុះគួរឱ្យបារម្ភ ដែលខាតបង់ទឹកប្រាក់ចន្លោះ៣០ពាន់លាន ដល់ ៥០ពាន់លានដុល្លារ ដោយសារភ្ញៀវទេសចរមានការភ័យខ្លាច នៃការរីករាលដាលវីរុសកូរ៉ូណាឬកូវីដ១៩។
នេះជាសញ្ញាអវិជ្ជមានចំពោះសេដ្ឋកិច្ចនៅតំបន់អាស៊ី ព្រោះថាវិស័យទេសចរណ៍ក៏ដើរតួយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់អាស៊ីដែរ។ អង្គការទេសចរណ៍ពិភពលោកសង្កេតឃើញថា ការកម្សាន្តរបស់ភ្ញៀវទេសចរធ្លាក់ចុះ ប្រមាណពី១ដល់៣ភាគរយ នឹងប្រឈមការបាត់បង់ថវិកាដល់ទៅ ៣០ពាន់លានឬ៥០ពាន់លានដុល្លារ។
យ៉ាងណាមិញ អង្គការនៅតែមានការព្យាករណ៍វិជ្ជមានដែលថា កំណើននៅឆ្នាំនេះអាចនឹងកើនប្រមាណ៣ទៅ៤ភាគរយ។ វិស័យទេសចរណ៍មានអត្ថប្រយោជន៍ជាច្រើនជួយដល់ ការអភិវឌ្ឍប្រកបដោយចីរភាព កំណើនសេដ្ឋកិច្ច ផ្តល់ឱកាសការងារនិងការយល់ដឹងអន្តរជាតិ។
តែយ៉ាងណាការផ្សះផ្សារឡើងវិញ នូវផលប៉ះពាល់ទាំងអស់នេះ អង្គការសហប្រជាជាតិ នឹងព្យាយាមរកដំណោះស្រាយមិនថាហិរញ្ញវត្ថុ និងនយោបាយនោះទេ ក្នុងគោលបំណងជួយដល់វិស័យទេសចរណ៍ ក្នុងតំបន់អាស៊ីដើម្បីស្តារសេដ្ឋកិច្ចសារជាថ្មី។
ប្រទេសក្នុងតំបន់អាស៊ីដូចជា កម្ពុជា ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ ចិន វៀតណាម ហុងកុង ជប៉ុន កូរ៉េខាងត្បូង សុទ្ធសឹងតែជាប្រទេស ដែលសម្បូរដោយតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងតំបន់ទេសចរធម្មជាតិច្រើន តែត្រូវរងផលប៉ះពាល់ជាអនេក។ សូមទស្សនាកម្រងរូបភាព ដកស្រង់ចេញពីសារព័ត៌មានអន្តរជាតិThe Guardian ដែលប្រៀបធៀបចំនួនភ្ញៀវទេសចរមកកាន់តំបន់អាស៊ី កាលពីឆ្នាំមុនៗនិង ឆ្នាំ២០២០ ដូចតទៅ៕















