ដោយវុត្ថា
ភ្នំពេញៈ ការបញ្ចាំអចលនវត្ថុគឺកិច្ចសន្យាមួយ ក្នុងចំណោមកិច្ចសន្យាជាច្រើនទៀតដែលមានចែងក្នុងក្រមរដ្ឋប្បវេណី ដែលនិយាយអំពីការបញ្ចាំអចលនវត្ថុនៅប្រទេសកម្ពុជា។ការបញ្ចាំអចលនវត្ថុ គឺជាកិច្ចសន្យាដែលកូនបំណុលប្រគល់អចលនវត្ថុ ដែលជាកម្មវត្ថុនៃការបញ្ចាំឲ្យទៅម្ចាស់ បំណុលរបស់ខ្លួនធ្វើការកាន់កាប់ដើម្បីធានារការសងបំណុល។
អចលនវត្ថុ សំដៅលើ ដីធ្លី និងវត្ថុជាប់នៅលើដី ហើយមិនអាចផ្លាស់ប្តូរទីកន្លែងបាន ដូចជាអាគារ សំណង់ ដំណាំ រុក្ខជាតិ ជាអាទិ៍។បុគ្គលដែលយកអចលនវត្ថុទៅដាក់បញ្ចាំ ឈ្មោះថាកូនបំណុល រីឯអ្នកទទួលបញ្ចាំអចលនវត្ថុឈ្មោះថា ម្ចាស់សិទ្ធិលើការបញ្ចាំ។
មាត្រា២០៦កថាខណ្ឌទី១ នៃច្បាប់ភូមិបាលបានផ្តល់និយមន័យថា ការបញ្ចាំអចលនវត្ថុគឺជាកិច្ចសន្យា ដែលតាមកិច្ចសន្យានោះ កូនបំណុលប្រគល់អោយម្ចាស់បំណុលរបស់ខ្លួននូវទ្រព្យមួយដើម្បីធានាការសងបំណុល។ បានន័យថា ដើម្បីធានាបំពុលរបស់ខ្លួនច្បាប់នេះ តម្រូវអោយកូនបំណុលប្រគល់អចលនវត្ថុ ដែលជាកម្មវត្ថុនៃការបញ្ចាំទៅអោយម្ចាស់បំណុលជាចាំបាច់។
ម្យ៉ាងទៀតមាត្រា ២១៦នៃក្រមរដ្ឋប្បវេណី បានអោយនិយមន័យជាទូទៅថា ម្ចាស់សិទ្ធិលើការបញ្ចាំមានសិទ្ធិ កាន់កាប់វត្ថុដែលបានទទួលពីកូនបំណុល ឬតតីយជន ដើម្បីធានាសិទ្ធិលើបំណុលរបស់ខ្លួន និងទទួលការសងចំពោះ សិទ្ធិបំណុលរបស់ខ្លួនពីវត្ថុនោះដោយមានអទិភាពជាងម្ចាស់បំណុលផ្សេងទៀត។
មានន័យថាការបញ្ចាំ គឺអនុញ្ញាតិអោយម្ចាស់សិទ្ធិលើការបញ្ចាំ(ម្ចាស់បំណុល) កាន់កាប់នូវវត្ថុបញ្ចាំ ដែលបានទទួលពីកូនបំណុល និងទទួលសំណង ចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដែលបានមកពីតម្លៃថ្នូរនៃវត្ថុនោះ មានអទិភាពជាងម្ចាស់បំណុលទៀត៕