ចិនបានផ្តល់ជំនួយសរុបជិត៣០០០លានដុល្លារដល់កម្ពុជាក្នុងកសាង ហេដ្ឋារចនាសម្ព័ន្ឋនានា

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្នុងនាមជាមហាមិត្តដ៏ជិតស្និទ្ធមិនអាចកាត់ថ្លៃបាន រហូតមកដល់ពេលនេះរដ្ឋាភិបាលចិន ដែលបច្ចុប្បន្នកំពុងតែជួបនូវវិបត្តិសេដ្ឋកិច្ច និងជំងឺCovid-19 ដ៏ធ្ងន់ធ្ងរនោះ បានព្យាយាមជួយសម្រួលដល់រាជរដ្ឋាភិបាលកម្ពុជាជាច្រើន ដែលក្នុងនោះត្រឹមតែក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ចិនបានផ្តល់ជំនួយរហូតដល់ជិត៣០០០លានដុល្លារសម្រាប់ការស្ថាបនាផ្លូវថ្នល់ និងស្ពាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មាននៅដើមសប្ដាហ៍នេះ ក្នុងឱកាសប្រារព្វពិធីបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាថា រហូតមកដល់ពេលនេះ បើទោះជាស្ថិតនៅក្នុងស្ថានភាពអាក្រក់នៃជំងឺCovid-19 យ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលចិន មិនបានផ្អាកគម្រោងផ្តល់ជំនួយណាមួយមកលើកម្ពុជានោះទេ ។

លោកទេសរដ្ឋមន្ត្រីបានអះអាងថា ចិន គឺជាប្រទេសដែលបានផ្តល់ហិរញ្ញប្បទានច្រើនជាងគេសម្រាប់ការសាងសង់ផ្លូវថ្នល់ និងស្ពាននៅកម្ពុជា ដែលគិតមកដល់ពេលបច្ចុប្បន្ននេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណងរបស់ចិន បានសាងសង់រួចរាល់មានចំនួន២៧ខ្សែ ស្មើនឹងប្រវែងសរុប ២ ៧៧៩ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ១៦៣៦លានដុល្លារអាមេរិក។

ដោយឡែកគម្រោងដែលកំពុងសាងសង់ មានចំនួន៥ខ្សែ ស្មើនឹងប្រវែងប្រមាណ ៤៩៧.២០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ៧៥៨.៨៣ លានដុល្លារអាមេរិក។

លោកបានបន្ថែមទៀតថា “ផ្លូវថ្នល់ និងស្ពាន បានដើរតួនាទីយ៉ាងសំខាន់ណាស់សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ តាមរយៈការដឹកជញ្ជូន ដូច្នេះរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងជម្នះ ដើម្បីសម្រេចឱ្យបានទៅតាមផែនការ ដែលបានគ្រោងទុក”។

ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន៨ស្ពាន មានប្រវែងសរុប៧៤៣៤ ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ២៣៣ លានដុល្លារអាមេរិក និងស្ពានកំពុងសាងសង់ ដូចជា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (សិត្បូ) នៃគម្រោងខ្សែក្រវាត់ក្រុងទី៣ ជាដើម មានប្រវែងសរុប ២ ១២៧ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ១១៣លានដុល្លារអាមេរិក។

សរុបគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ និងជំនួយឥតសំណ​ងរបស់ចិនដែលបានសាងសង់រួច និងកំពុងសាងសង់មានទឹកប្រាក់សរុបរហូតដល់ប្រមា​ណ២ ៧៤១លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here