ចិនអះអាងថាគម្រោងផលិតថាមពលអគ្គិសនីនៅកម្ពុជាដំណើរការធម្មតាកំឡុង ពេលផ្ទុះឡើងនៃវីរុសCOVID-19

0

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន China Huadian Corporation LTD  ជាក្រុមហ៊ុនមួយនៃក្រុមហ៊ុនផលិតថាមពលជាតិទាំង៥ កំពុងចូលរួមចំណែកក្នុងការធ្វើឱ្យប្រាកដថា គម្រោងនៅក្រៅប្រទេសបន្តបង្កើតថាមពលអគ្គិសនី សម្រាប់អតិថិជនដូចធម្មតា រួមមានគម្រោងមួយនៅកម្ពុជា ខណៈគ្រប់គ្នាខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគ COVID-19 នេះ។

ក្រុមហ៊ុននេះ ក៏ជាអ្នកដើរតួយ៉ាងសំខាន់ នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិនផងដែរ។

ក្រុមហ៊ុនចិនខាងលើ បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានកាលពីពេលថ្មីនេះថា នៅប្រទេសកម្ពុជា ការផលិតថាមពលអគ្គិសនី នៅឯគម្រោងវារីអគ្គិសនីស្ទឹងក្រោមឬស្សីជ្រុំ ដែលមានកម្លាំង៣៣៨មេហ្កាវ៉ាត់ កំពុងដំណើរការដូចធម្មតា ទោះបីកម្មករនៅទីនេះកំពុងចាត់វិធានការការពារប្រឆាំងនឹងវីរុស COVID-19។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនបានឱ្យដឹងថា “សូមអរគុណចំពោះការងារសហការរបស់កម្មករចិន និងសហសេវិកកម្ពុជា ម៉ាស៊ីនភ្លើងទាំងបួននៅស្ថានីយ៍ខាងលើ និងខាងក្រោមកំពុងដំណើរការដោយសុវត្ថិភាព”។

សេចក្តីប្រកាសព័ត៌មានខាងលើបានបន្ថែមថា “យោងតាមផែនការចែកចាយ​ថា​មពលរបស់ប្រទេសរោងចក្រនេះ បានផលិតថាមពលសរុប១៦.៨៩២១លានគីឡូវ៉ាត់ម៉ោង សម្រាប់ឆ្នាំប្រតិបត្តិការដែលបានបញ្ចប់ នៅថ្ងៃទី១០ខែកុម្ភៈដែលកើនឡើង ៣,៧៦ ភាគរយពីមួយឆ្នាំមុន”។

រដ្ឋាភិបាលកម្ពុជាបានអះអាងថា ភូមិទាំងអស់នៅកម្ពុជានឹងមានការតភ្ជាប់អគ្គិសនីនៅចុងឆ្នាំ២០២០ ខណៈរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពលបានបង្ហាញកាលពីខែមុនថា ប្រហែល៩២,៦៨ភាគរយឬ១៣,១៣១ ភូមិនៃភូមិសរុបរបស់ប្រទេសកម្ពុជា ទទួលបានការប្រើប្រាស់អគ្គិសនីនៅចុងឆ្នាំ២០១៩។ឮ

យោងតាមរបាយការណ៍ អគ្គិសនីដែលបានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសកាលពីឆ្នាំមុនមានចំនួន៣,៣៨២មេហ្គាវ៉ាត់ កើនឡើង២៨ភាគរយ បើធៀបនឹងចំនួន២ ៦៣៥ មេហ្គាវ៉ាត់ក្នុងឆ្នាំ២០១៨។

របាយការណ៍បានឱ្យដឹងថា ប្រភពអគ្គិសនីសំខាន់គឺទំនប់វារីអគ្គិសនី និងរោងចក្រថាមពលដើរដោយធ្យូងថ្ម។ កម្ពុជាមានទំនប់វារីអគ្គិសនី ដែលសាងសង់ដោយប្រទេសចិនចំនួន៧ ដែលមានកម្លាំងសរុប១ ៣២៨មេហ្កាវ៉ាត់ និងរោងចក្រថាមពលធ្យូងថ្មចំនួន ៣ ដែលមានកម្លាំងសរុប៦៧៥មេហ្គាវ៉ាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here