ដោយៈ រ៉ាណេត
ភ្នំពេញៈ សមាជិកនៃគណៈប្រតិភូសមាគមការទូតសាធារណៈចិន បានបង្ហាញពីកិច្ចថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបង្ហាញពីកិច្ចស្វាគមន៍ និងផ្តល់នូវភាពកក់ក្ដៅ ក្នុងនាមជាប្រទេសមហាមិត្តដ៏ជិតស្និទ្ធ និងជាបងប្អូនដែនថែប ដែលរួមសុខរួមទុក្ខជាមួយគ្នាក្នុងគ្រាមានអាសន្ន។
តាមរយៈវីដេអូរខ្លីប ដែលបង្ហាញដោយស្ថានទូតចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា ទាំងរដ្ឋាភិបាលចិន ក៏ដូចជាប្រជាពលរដ្ឋចិនបានលើកឡើងពីសន្តានចិត្តដ៏ទូលាយ ប្រកបដោយភាពកក់ក្ដៅ មិនរើសអើង និងបោះបង់ជនចិននៅពេលកើតមានវិបត្តិ និងអាសន្នធំកាលពីពេលក្នលងទោនេះ ដែលក្នុងនោះ សូម្បីព្រះមហាក្សត្រខ្មែរដ៏ខ្ពង់ខ្ពស់ ក៏ផ្តល់នូព្រះរាជហឫទ័យ ប្រកបដោយកាយវិការគួរឱ្យគោរពជាទីបំផុត។
លោក Hu Zhengyue អនុប្រធានសមាគមសាធារណៈការបរទេសចិន បានបង្ហាញការគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកព្រះទ័យរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រី និងសម្តេចតេជោនាយករដ្ឋមន្ត្រី។
លោកបញ្ជាក់ថា “ប្រជាពលរដ្ឋចិន ក៏មិនអាចបំភ្លេចបាននោះឡើយ។ យើងទាំងអស់គ្នាពិតជាមានមោទនភាពជាខ្លាំង ដែលមានមិត្តភក្តិដ៏មហិមាដូចអ្នកទាំងអស់គ្នា។ សូមថ្លែងអំណរព្រះគុណ និងអរគុណដោយស្មោះ និងជ្រាលជ្រៅបំផុត”។
លោក Ding Yi តន្ត្រីករដ៏ល្បីក្នុងប្រទេសចិន បានលើកឡើងថា “មានតែក្នុងកាលៈទេសៈនៃការលំបាក ទើបស្គាល់ពីមិត្តភក្តិដ៏ពិតប្រាកដ។ ប្រជាជនកម្ពុជា បានគាំទ្រដល់ប្រជាជនចិន ក្នុងពេលដ៏លំបាកនេះ។ នេះបានធ្វើឱ្យប្រជាពលរដ្ឋចិន មានក្តីរំភើបពេកក្រៃ”។
សហគ្រិនដ៏ល្បីឈ្មោះនៅក្នុងប្រទេសចិន លោកYe Qing បានលើកឡើងថា “ត្បិតតែការបំពេញទស្សនកិច្ចរបស់សម្តេចតេជោ មានរយៈពេលខ្លីក៏ពិតមែន តែបានបង្កប់នូវអត្ថន័យមិត្តភាពប្រៀបដូចបងប្អូន ដ៏សែនជ្រាលជ្រៅបំផុត។ មិត្តភាពចិន និងកម្ពុជា ប្រៀបដូចក្នុងគ្រួសារតែមួយ។ សូមជូនពរមិត្តភាពចិន និងកម្ពុជា ឋិតថេរជាអមតៈ”។
ដោយឡែក អតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោកស្រី Zhang Jinfeng បានគូសបញ្ជាក់ថា “កម្ពុជា គឺជាមិត្តសំឡាញ់ពិតប្រាកដរបស់ប្រទេសចិន។ ខ្ញុំរំភើបចិត្តស្ទើររាល់ថ្ងៃ ដោយសារខ្ញុំក៏ដូចជាមិត្តចិន គឺយើងបានឮបានឃើញអ្វីៗ ដែលព្រះករុណាព្រះមហាក្សត្រ ព្រះករុណាព្រះមហាវីរក្សត្រី និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាទីគោរពតំណាងឱ្យប្រជាជនកម្ពុជា ខំប្រឹងប្រែងធ្វើ និងជូនប្រជាជនចិនក្នុងការតស៊ូទប់ទល់នឹងមេរោគហ្នឹង”។
លោកស្រីបន្ថែមថា “នេះ គឺសរឱ្យឃើញថាកម្ពុជា ជាបងប្អូនដែក។នេះមិត្តចិន និងខ្មែរសម្រេចថាអ៊ីចឹង តែខ្ញុំចង់ថែមមួយឃ្លាទៀត មិនគ្រាន់តែដែកទេ គឺថែប”។ លោកស្រីបន្ថែមថា “ខ្ញុំជឿជាក់ថា មេរោគហ្នឹងពិតជាសាហាវ តែការតស៊ូគង់តែនឹងឈ្នះ។ ខ្ញុំជឿជាក់ថា មិត្តភាពចិន និងកម្ពុជា ដែលបានទទួលបានការសាកល្បងម្តងទៀតនៅក្នុងការតស៊ូលើកនេះ ពិតជាឋិតថេរជានិច្ចកាល”៕
https://www.facebook.com/ChineseEmbassyCambodia/videos/1052585881790358/






