ដោយវុត្ថា
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានង្ហាញនូវអារម្មណ៍កថា នៃកម្រងរូបភាពស្តីអំពីការប្រយុទ្ធប្រឆាំង នឹងស្ថានភាពជម្ងឺរលាកសួត ដោយវីរុសកូរ៉ូណាប្រភេទថ្មី(COVID-19) ខណៈមកដល់ពេលនេះសម្រេចបានយ៉ាងត្រចះត្រចង់។

ស្ថានទូតបានសរសេរនៅថ្ងៃទី ១១ ខែមីនា នេះថា ផ្តើមឆ្នាំ២០២០ ជម្ងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី(COVID-19) ត្រូវបានផ្ទុះឡើងក្នុងទីក្រុងអ៊ូហាន់ នៃខេត្តហ៊ូប៉ី ប្រទេសចិន និងត្រូវបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន ហើយរដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ។
ប្រធានាធិបតីចិន លោកXi Jinping បានអញ្ជើញដឹកនាំ និងចាត់ចែងដោយផ្ទាល់ និងលោកLi Keqiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញ ទៅដល់ទីក្រុងវូហានប្រទេសចិន ដើម្បីណែនាំអំពីរបៀបនៃការទប់ទល់ស្ថានភាពជម្ងឺវីរុស ក្រុមណែនាំនៃមជ្ឈិមបក្សកុម្មុយនីស្តចិន បានចូលរួមប្រយុទ្ធប្រឆាំងសកម្មភាពជួរមុខរយៈពេលវែង កម្លាំងជំរុញចូលរួម និងសម្ភារៈជាច្រើនទូទាំងប្រទេសចិន បានដឹកបញ្ជូន និងមានវត្តមាននៅក្នុងខេត្តហ៊ូប៉ី និងក្នុងទីក្រុងវូហាន ប្រទេសចិន។

យើងទាំងអស់គ្នាចំណាយពេលតែ១០ថ្ងៃប៉ុណ្ណោះ បានសាងសង់រួចជាស្ថានពរនូវមន្ទីរពេទ្យHUOSHENSHAN ដែលអាចផ្ទុកគ្រែបានចំនួន១០០០គ្រែ ហើយយើងចំណាយពេលតែ១២ថ្ងៃប៉ុណ្ណោះ បានសាងសង់រួចជាស្ថានពរនូវមន្ទីរពេទ្យLEISHENSHAN ដែលអាចផ្ទុកគ្រែបានចំនួន១៥០០គ្រែ Mobile Cabin Hospitals និងមន្ទីរពេទ្យកែច្នៃជាច្រើន ត្រូវបានបង្កើតពេញទូទាំងទីក្រុងវូហាន ប្រទេសចិន ហើយយើងតែងតែកែលម្អនូវសម្ទុះនៃល្បឿនចិន បានបង្កើតអច្ឆរិយៈនៃចិន និងបានបង្ហាញអំពីលក្ខណៈពិសេសនៃចិន។
អ្នកជំនាញពីជម្ងឺវីរុស គ្រូពេទ្យ និងមន្រ្តីយោធាជាច្រើនបានចូលរួម ក្នុងកិច្ចប្រយុទ្ធប្រឆាំងជួរមុខដោយមិនខ្លាចគ្រោះថ្នាក់ និងពោរពេញទៅដោយភាពអង់អាច និងក្លាហាន។ ពួកគេបានក្លាយជា“អ្នកជម្នះដ៏ស្រស់ស្អាត” ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសនេះ។ ពួកគេបានយកញើសឈាម ទឹកភ្នែក ថែមទាំងអាយុជីវិតរបស់ពួកគេផ្ទាល់ ដើម្បីចូលរួមកិច្ចការប្រយុទ្ធប្រឆាំង នឹងវីរុសដ៏សែនរំជួលចិត្តមួយនេះ។ បច្ចុប្បន្ននេះ ទម្រង់នៃការទប់ស្កាត់នឹងជម្ងឺវីរុសនេះ ត្រូវបានវិវឌ្ឍន៍ខ្លួនទៅកាន់ស្ថានភាពល្អប្រសើរ។
ភាគីចិនប្រកាន់ភ្ជាប់នូវគំនិតសហគមន៍ជោគវាសនារួម គោលការណ៍ចម្បងនៃការបើកចំហ តម្លាភាព និងទំនួលខុសត្រូវ ផ្សព្វផ្សាយយ៉ាងទូលាយស្តីអំពីដំណឹងនៃជម្ងឺវីរុសCOVID-19 ចែករំលែកលំដាប់នៃសែនរបស់វីរុស សហការយ៉ាងស្អិតរមួតជាមួយអង្គការសុខភាពពិភពលោក និងផ្តល់ជាជំនួយ និងជាភាពងាយស្រួល ជូនដល់ប្រជាពលរដ្ឋបរទេស ដែលកំពុងស្នាក់អាស្រ័យនៅក្នុងប្រទេសចិន។
ខណៈពេលនៃការទប់ស្កាត់ជម្ងឺវីរុសCOVID-19ក្នុងប្រទេសចិន ចិនក៏បានផ្តល់Detection reagent និងសម្ភារៈទប់ស្កាត់ជូនដល់ប្រទេសដទៃទៀត យើងក៏បានចែករំលែកអំពីរបៀបនៃការព្យាបាល និងបានបញ្ជូនអ្នកជំនាញស្ម័គ្រចិត្តទៅផងដែរ។

ចាប់តាំងពីមានការផ្ទុះឡើងនូវជម្ងឺCOVID-19នេះមក ខ្សែរាជវង្សានុវង្ស រាជរដ្ឋាភិបាលកម្ពុជាបានសួរសុខទុក្ខ និងគាំទ្រដល់ភាគីចិន ជាពិសេសនាថ្ងៃទី៥ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ចជាបន្ទាន់នៅក្នុងប្រទេសចិន សម្តេចតេជោជាថ្នាក់ដឹកនាំបរទេសដំបូងគេ ដែលបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ខណៈពេលដែលចិនកំពុងតែផ្ទុះយ៉ាងខ្លាំង នូវជម្ងឺវីរុសមួយនេះ។
សម្តេចតេជោបានយកសកម្មភាពជាក់ស្តែង មកបង្ហាញឲ្យឃើញពីអត្ថន័យចម្បងនៃសហគមន៍ជោគវាសនារួមដែល“ដកដង្ហើមរួមគ្នា រួមសុខទុក្ខជាមួយគ្នា”។
ក្រៅពីនេះ គ្រប់ស្ថាប័នសង្គមក្នុងប្រទេសកម្ពុជា បានចូលរួមផ្តល់ជំនួយជាថវិកានិងសម្ភារៈសប្បុរសធម៌ ជូនដល់ភាគីចិន នេះបានបញ្ជាក់ឲ្យឃើញពីមនោសញ្ចេតនាមិត្តភាពដ៏សែនជ្រាលជ្រៅបំផុត រវាងប្រជាជនទាំងពីរប្រទេស។ អាណិកជនចិន បងប្អូនសែស្រឡាយចិន និងក្រុមហ៊ុនសហគ្រាសចិន ដែលនៅក្នុងប្រទេសកម្ពុជា បានព្រួយបារម្ភអំពីស្ថានភាពប្រយុទ្ធប្រឆាំង នឹងជម្ងឺវីរុសនៅក្នុងប្រទេសចិន។ ពួកគេបានផ្ដល់ជាជំនួយថវិកា និងសម្ភារៈ ជូនដល់ប្រទេសចិនក្នុងកិច្ចប្រយុទ្ធប្រឆាំងលើកនេះ។
ក្នុងឱកាសនេះ យើងក៏បានជ្រើសរើសរូបភាពខ្លះៗ ដែលទាក់ទងជាមួយនឹងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19 មកបង្ហាញជូនអ្នកទាំងអស់គ្នាឲ្យបានជ្រាប៕






