ដោយ ហ្សូលី
ភ្នំពេញៈ កំណើននៃការប្រើប្រាស់ថាមពលអគ្គិសនី ដែលជាតម្រូវការចាំបាច់សម្រាប់ប្រជាជនទូទាំងតំបន់អាស៊ាន នឹងហក់ឡើងដល់ទៅ៦០%នៅឆ្នាំ២០៤០ខាងមុខ។

តំបន់អាស៊ីអាគ្នេយ៍ កំពុងឆ្ពោះទៅរកភាពគ្រប់គ្រាន់ នៃការប្រើប្រាស់អគ្គិសនីនៅឆ្នាំ ២០៣០ ខណៈដែលកំណើនប្រជាជនក្នុងតំបន់ កាន់តែកើនឡើងរាប់ពាន់លាននាក់ ប៉ុន្តែយ៉ាងណា៏ដោយ ប្រជាជន៤៥លាននាក់ក្នុងតំបន់អាស៊ាន នៅតែមិនទាន់អាចមានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។
ជារៀងរាល់ឆ្នាំ តម្រូវការថាមពលអគ្គិសនី ជាមធ្យមមានអត្រាកើនឡើងចំនួន៦% ដែលជាអត្រាខ្ពស់មួយលើពិភពលោក អំឡុងពេលដែលដែលថាមពលកកើតឡើងវិញមានត្រឹម១៥ភាគរយប៉ុណ្ណោះនៃតម្រូវការទាំងមូល។
ទីផ្សារថាមពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានភាពលូតលាស់យ៉ាងឆាប់រហ័ស។ មូលហេតុមានច្រើនយ៉ាង ដោយសារតែពិភពលោកឡើងកម្តៅ ដូច្នេះការប្រើប្រាស់ម៉ាស៊ីនត្រជាក់មានទំហំច្រើនដូចគ្នា ដែលមានតួលេខប្រមាណ៣០០លានម៉ាស៊ីន នៅឆ្នាំ ២០៤០។ នេះបើតាមការព្យាករណ៍របស់សមាគមន៍ថាមពលអន្តរជាតិ (IEA)។

មួយវិញទៀតដោយសារការសិក្សាស្រាវជ្រាវ នៃបច្ចេកវិទ្យាថ្មីទំនើបៗ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមប្រទេសនិមួយៗក្នុងតំបន់អាស៊ានផងដែរ។ ដូច្នេះហើយទើបបានជាសមាគមន៍ថាមពលអន្តរជាតិ (IEA) ស្នើសុំឱ្យប្រទេសទាំងអស់កំណត់គោលដៅនៃការប្រើប្រាស់ថាមពល និងរៀបចំការចែករំលែកថាមពលកកើតឡើងវិញ យ៉ាងហោចណាស់៧០ភាគរយ ក្នុងឆ្នាំ ២០៤០៕






