ដោយវុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការមេ ដែលនឹងត្រូវប្រើប្រាស់ថវិកាប្រមាណ ៦០លានដុល្លារអាមេរិកក្នុងរយៈពេល១ឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) ដែលបាននិងកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។

លោកវង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅកិច្ចប្រជុំពិភាក្សា ជាមួយដៃគូពាក់ព័ន្ធអំពីផែនការមេ ប្រយុទ្ធប្រឆាំងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19)នាថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២០ នេះ បានស្នើដល់បណ្តាដៃគូទាំងអស់ ពិនិត្យលទ្ធភាពផ្តល់ការគាំទ្រជាហិរញ្ញប្បទាន សម្រាប់អនុវត្តផែនការមេនេះ ទៅតាមអាទិភាព និងលទ្ធភាពរបស់ស្ថាប័នរៀងៗខ្លួន ហើយសល់ពីនេះនឹងត្រូវបំពេញដោយប្រភពពីថវិការាជរដ្ឋាភិបាលផ្ទាល់ ជាពិសេសសម្រាប់គាំទ្រដល់ការអនុវត្ត នូវវិធានការឆ្លើយតបភ្លាមៗ នៅក្នុងសេណារីយ៉ូទី១។
លោកបន្តថា “វិធានការឆ្លើយតប ត្រូវមានលក្ខណៈសមស្របតាមសភាពការណ៍ នៃការផ្ទុះជំងឺ តែក៏មិនគួរជ្រុលហួសហេតុពេកនោះដែរ”។ លោកបន្ថែមថា “ប៉ុន្តែក៏មិនអាចមើលស្រាល ស្ថានការណ៍បានដែរ ក្នុងខណៈដែលផលប៉ះពាល់ នៃជំងឺនេះមិនត្រឹមតែប៉ះពាល់ ដល់សុខភាពមនុស្សប៉ុណ្ណោះទេ តែថែមទាំងផ្តល់ នូវបច្ច័យអវិជ្ជមាន មកលើសេដ្ឋកិច្ច និងសង្គមទាំងមូលផងដែរ ជាពិសេសយើងត្រូវត្រៀមខ្លួនឱ្យបានល្អ ក្នុងការទប់ស្កាត់ការឆ្លង និងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺ COVID-19 ឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាការពារ កុំឱ្យប្រទេសកម្ពុជារបស់យើង កុំធ្លាក់ចូលទៅក្នុងសេណារីយ៉ូអាក្រក់ នៃការឆ្លងរីករាលដាលនៃជំងឺនេះ”។
លោកបន្តថា ទន្ទឹមនឹងនេះ យើងក៏ត្រូវជំរុញ អនុវត្តនូវបណ្តាវិធានការទាំងឡាយ ដែលបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីសម្រាលផលប៉ះពាល់ចំពោះ វិស័យដែលរងផលប៉ះពាល់ខ្លាំង និងដើម្បីធានា ឱ្យសកម្មភាព សេដ្ឋកិច្ចជាតិទាំងមូល នៅតែអាចដំណើរការជាប្រក្រតី ហើយអាចរក្សាការងារ ប្រាក់ចំណូល និងលំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

លោកវង្សី វិស្សុតបានបន្តថា ទោះបីកម្ពុជាមានគោលនយោបាយថ្នាក់ជាតិ ក្នុងការទប់ស្កាត់ និងការពារជំងឺឆ្លងក្តី ប៉ុន្តែផ្អែកលើស្ថានភាពបច្ចុប្បន្ន ការរៀបចំឱ្យមានផែនការមេប្រយុទ្ធប្រឆាំងជំងឺ COVID-19 នេះ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងការដោះស្រាយជាលក្ខណៈយុទ្ធសាស្រ្ត ដោយមានកិច្ចសហការជាមួយភាគីពាក់ព័ន្ធ និងដៃគូទាំងអស់ ។
លោកបញ្ជាក់ទៀតថា ជារួមផែនការមេនេះ មានគោលដៅជាយុទ្ធសាស្រ្តសំខាន់ៗដូចជា៖ ១)កាត់បន្ថយការឆ្លងជំងឺ COVID-19 ២)ការពារ និងកាត់បន្ថយជំងឺគ្រោះថ្នាក់ផ្សេងៗដែលពាក់ព័ន្ធជំងឺ COVID-19 និងកាត់បន្ថយការស្លាប់ ៣)ធានាឱ្យបាននូវប្រសិទ្ធភាពសេវាសុខាភិបាល ជាពិសេសនៅពេលមានការរីករាលដាលខ្លាំង និង ៤) កាត់បន្ថយនូវផលប៉ះពាល់ មកលើសេដ្ឋកិច្ច និងសង្គម តាមរយៈវិធានការការ ឆ្លើយតបជាអន្តរវិស័យ ។

លោកថា “ផែនការមេនេះត្រូវបានគ្រោងឡើង សម្រាប់អនុវត្តរយៈពេល១ឆ្នាំ ក្នុងសេណារីយ៉ូចំនួន៣ ទៅតាមសភាពការណ៍ នៃការផ្ទុះជំងឺ ដោយគ្រោងប្រើប្រាស់ថវិកា សរុបចំនួនប្រមាណ៦០លានដុល្លារអាមេរិក”៕






