ភ្នំពេញ មន្រ្តីជាន់ខ្ពស់បក្សនៃខេត្តយូណាន ប្រទេសចិនប្រកាសពន្លឿនការសាងសង់ព្រលានយន្តហោះអន្តរជាតិ នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលការដ្ឋានសាងសង់បាននិងកំពុងចាប់ផ្តើមបណ្តើរៗ។
ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មី ត្រូវសាងសង់នៅពេលឆាប់ៗខាងមុខនេះ ដោយក្រុមហ៊ុនចិន YUNAN DEVELOPMENT GROUP គ្រោងវិនិយោគនូវទឹកប្រាក់៩០០លានដុល្លារ អាមេរិក ដែលមានកុងត្រារយៈពេល៥៥ឆ្នាំ នៅស្រុកសូតនិគមលើផ្ទៃដី៧០០ហិកតា។
លោកកៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងក្រោយជំនួបរវាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក ឈិន ហាវមន្រ្តីជាន់ខ្ពស់ចិន បានបញ្ជាក់ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយនឹងខេត្តយូណាន ប្រទេសចិន។ លោកបានបន្តថា បច្ចុប្បន្នខេត្ដយូណាន មានក្រុមហ៊ុនចំនួន២៥ បាននិងកំពុងវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដែលមានទុនជិត១ពាន់លានដុល្លារសហរដ្ឋអាមេរិក។
លោកក៏បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ខេត្តយូណាន គឺជាខេត្តមួយ ដែលមានការរីកចម្រើន លើវិស័យទេសចរណ៍ ដោយមានភ្ញៀវទេសចរទៅទស្សនា យ៉ាងច្រើន។ ក្នុងន័យនេះ លោកចង់ឲ្យមានកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យទេសចរណ៍នេះ ដោយជួយជំរុញឲ្យចំនួនភ្ញៀវទេសចរ ដែលបានទៅទស្សនានៅក្នុងខេត្តយូណាន បន្តមកទស្សនានៅក្នុងប្រទេសកម្ពុជា។ លោកស្នើដល់សម្តេចឲ្យបន្តគាំទ្រដល់វិនិយោគិន មកពីខេត្តយូនណាន ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ព្រមជាមួយនោះ លោកបានប្ដេជ្ញាថា នឹងបង្កើនល្បឿននៃការសាងសង់ អាកាសយានដ្ឋានថ្មី នៅក្នុងខេត្តសៀមរាប របស់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ខេត្តយូណាន គឺជាខេត្តដែលជាប់ទៅនឹងតំបន់អាស៊ាន ក្នុងន័យនេះ សម្តេចជំរុញឲ្យបន្តទំនាក់ទំនងរវាងកម្ពុជា និងខេត្តយូណាន។ សម្ដេចចង់ឲ្យមានការបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តយូណាន ឲ្យកាន់តែមានទំហំច្រើនបន្ថែមទៀត។សម្តេចបន្តថា ដោយសារតែខេត្តយូណាន គឺជាខេត្តដ៏មានសក្តានុពលជាច្រើន សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជានោះ សម្ដេចបានស្នើឲ្យក្រុមហ៊ុនរបស់ខេត្ដយូណាន ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ សូមនៅតែបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្នទំហំពាណិជ្ជកម្ម រវាងចិន និងកម្ពុជាមានទំហំធំណាស់ ដែលមានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារអាមេរិក ដូច្នេះការរក្សាបាន និងបង្កើនទំហំពាណិជ្ជកម្មថែមទៀតនេះ គឺទាមទារឲ្យក្រុមហ៊ុនចិនបន្តវិនិយោគ នៅក្នុងប្រទេសកម្ពុជា។ សម្តេចបានលើកឡើងដែរថា ចិន គឺជាដៃគូយុទ្ធសាស្ត្រពិតសម្រាប់ប្រទេសកម្ពុជា។
រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកជា អូនបានមានប្រសាសន៍ថា បច្ចុប្បន្នក្រុមហ៊ុនចិនបាននិងកំពុងដំណើរការសាងសង់ និងធ្វើតេស្តដីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបហើយ ដោយនាពេលខាងមុខនេះសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជានឹងអញ្ជើញជាអធិបតី ក្នុងការបើកការដ្ឋានសាងសង់ព្រលានយន្តហោះនេះ។
លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប នឹងជាជម្រើសថ្មីមួយសំរាប់ក្រុមហ៊ុនអាកាសចរណ៍នានា អាចចុះចតយន្តហោះខ្នាតធំបាន ដែលវានឹងទាក់ទាញភ្ញៀវទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនកាន់តែច្រើនចុះចតនៅព្រលានយន្តហោះនេះ។លោកស្រីបន្តថា ព្រលានយន្តហោះនេះ ក៏អាចជាចំណុចតភ្ជាប់ទៅកាន់បណ្តាប្រទេសក្នុងតំបន់ផងដែរ ដែលវានឹងជំរុញឲ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មកម្ពុជាកាន់តែប្រសើរថែមទៀត។
លោកស្រីបន្តថា “វាជាចំណុចចាប់ផ្តើមដ៏ល្អ វានឹងធ្វើឲ្យវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើននាពេលអនាគត”៕






