ទីលានចាក់សំរាមខណ្ឌដង្កោនឹងក្លាយជាទីកន្លែងផលិតថាមពលអគ្គិសនី

0

ដោយវុត្ថា

ភ្នំពេញ៖ ទីលានចាក់សំរាមខណ្ឌដង្កោនៃរាជធានីភ្នំពេញនឹងត្រូវរៀបចំការអភិវឌ្ឍន៍គម្រោងបំលែងសំណល់រឹងទីប្រជុំជនទៅជាថាមពលអគ្គិសនីរបស់រាជធានីភ្នំពេញ ខណៈមានក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍បានចាប់ផ្តើមសិក្សា។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានគណៈកម្មាធិការអន្តរស្ថាប័នកាលពីពេលថ្មីៗនេះបានបើកកិច្ចប្រជុំដើម្បីរៀបចំការអភិវឌ្ឍគម្រោងបំលែងសំណល់រឹង ទីប្រជុំជនទៅជាថាមពលអគ្គិសនីនៅទីលានចាក់សំរាមរបស់រាជធានីភ្នំពេញ មានដូចខាងក្រោម៖

១. ការអនុញ្ញាតឱ្យទីប្រឹក្សាបច្ចេកទេស ADB និង Infrastructure of Asia Singapore ចូលរួមក្នុងការសហការផ្តល់យោបល់

២. ការអនុញ្ញាតឱ្យមានការសិក្សាបឋម Desk Study ដើម្បីជ្រើសរើសយកជម្រើសណាមួយសមស្រប

៣. ការកំណត់សមាសភាពសំរាមនៅទីលានចាក់សំរាមខណ្ឌដង្កោជាទីតាំងគោល។

លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គម្រោងបំប្លែងសំរាមទៅជាថាមពល ផ្តល់ផលប្រយោជន៍ច្រើនណាស់ដោយសារវាជួយដោះស្រាយបញ្ហាគ្រប់គ្រងសំរាមផង និងជួយបង្កើតប្រភពថាមពលអគ្គិសនីថែមទៀតផង។

លោកបន្តថា ក្រសួងបន្តជំរុញ ឲ្យមានការវិនិយោគលើគម្រោងបំប្លែងកាកសំណល់ទៅជាថាមពលអគ្គិសនី ដោយសារមានក្រុមហ៊ុនវិនិយោគច្រើន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើគម្រោងមួយនេះ។

លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានធ្លាប់បានឱ្យដឹងថា ប្រសិនបើគម្រោងវិនិយោគនេះលេចចេញជារូបរាងមែន កម្ពុជាអាចទទួលបានផលប្រយោជន៍ពីការវិនិយោគ ដោយអាចកាត់បន្ថយការយកសំរាមទៅបោះចោលដោយគ្មានប្រយោជន៍ និងអាចជួយសម្អាតបរិស្ថានព្រមទាំងការពារបរិស្ថានមិនឲ្យមានសំរាមរាយប៉ាយ។

លោកថា “បើសិនជាយើងមានការវិនិយោគនេះឡើង គឺវាអាចជួយកាត់បន្ថយនូវអត្រាសំរាមយកទៅបោះចោល ហើយយើងអាចនឹងទាញយកផលពីសំរាមទាំងអស់នេះ”។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានឱ្យដឹងថា នៅក្នុងរាជធានីភ្នំពេញ សំរាមបានកើនឡើងពីរង្វង់២៦០០តោន ក្នុងមួយថ្ងៃនៅឆ្នាំ២០១៨ ដល់រង្វង់២៩០០តោន ក្នុងមួយថ្ងៃនៅក្នុងឆ្នាំ២០១៩កន្លងទៅ។

ទីលានចាក់សំរាមដែលមានទំហំជាង៣០ហិកតានៅបឹងជើងឯក ក្នុងខណ្ឌដង្កោ នឹងត្រូវពេញហៀរ មិនអាចទទួលយកសំរាមបានទៀតឡើយនៅឆ្នាំ២០២១។ នេះគឺជាបញ្ហាប្រឈមដែលទាមទារឲ្យមានដំណោះស្រាយជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here