ការសិក្សា៖ កម្ពុជានឹងជួបឱនភាពសេដ្ឋកិច្ចបន្ថែមទៀត ដោយសារការប្រែប្រួលអាកាសធាតុ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តាមការសិក្សារបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា នៅត្រឹមឆ្នាំ២០៥០ ប្រសិនបើមិនបន្ថែមការ វិនិយោគលើការបន្ស៊ាំទេ នោះការប្រែប្រួលអាកាសធាតុនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចប្រមាណជា១០% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលបណ្តាលមកពីការធ្លាក់ចុះនៃផលិតភាពពលកម្មរបស់កម្មករដោយសារតែកំណើន សីតុណ្ហភាពខ្ពស់ ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធ។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោកបណ្ឌិត ទិន ពន្លក បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាពិភាក្សាពីការបម្រែបម្រួលអាកាសធាតុកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ថា ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេស វិស័យកសិកម្ម ប្រព័ន្ធជីវៈចម្រុះនិងអេកូឡូស៊ី ធនធានទឹក សុខភាពមនុស្ស តំបន់ឆ្នេរ និងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាអស់ជាច្រើនក្នុងមួយឆ្នាំៗ។

តាមការសិក្សារបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា នៅត្រឹមឆ្នាំ២០៥០ ប្រសិនបើយើងមិនបន្ថែមការ វិនិយោគលើការបន្ស៊ាំទេ នោះការប្រែប្រួលអាកាសធាតុនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចប្រមាណជា១០% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលបណ្តាលមកពីការធ្លាក់ចុះនៃផលិតភាពពលកម្មរបស់កម្មករដោយសារតែកំណើន សីតុណ្ហភាពខ្ពស់ ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធដោយសារតែព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងការបាត់បង់ទិន្នផលដំណាំកសិកម្ម។ ហេតុ ដូចនេះ វិធានការឆ្លើយតបចំពោះផលប៉ះពាល់ និងកត្តា ដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ការចូលរួមចំណែករបស់ជាតិក្នុងការអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution-NDC)។

លោកបណ្ឌិត ទិន ពន្លក បានមានប្រសាសបញ្ជាក់ថា “យើងបានរៀបចំផែនទីបង្ហាញផ្លូវស្តីពីការអនុវត្តរបាយការណ៍ NDC និងផែនការជំរុញការចូលរួមរបស់ភាគីពាក់ព័ន្ធ ឆ្នាំ២០១៩-២០៣០ ផងដែរ។ រាជរដ្ឋាភិបាលក៏បានបញ្រ្ជាបការប្រែប្រួលអាកាសធាតុ ទៅក្នុងយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងបានរៀបចំផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងប្រែប្រួលអាកាសធាតុឆ្នាំ២០១៤-២០២៣ និងផែនការតាមវិស័យ”។

អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី ចាន់ ផលលឿន បានមានប្រសាសន៍ថា វិស័យកសិកម្ម បានកំណត់នូវគោលនយោបាយតម្រង់ទិសឆ្ពោះទៅរកការកាត់បន្ថយផលប៉ះពាល់លើបរិស្ថានសំដៅការសិក្សា ស្រាវជ្រាវ និងរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត ផែនការ សកម្មភាព កម្មវិធីនិងគម្រោងនានាស្តីពីការប្រែប្រួលអាកាសធាតុ ដោយរួមទាំងផែនការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យកសិកម្ម។ លោកជំទាវ បានបន្ថែទៀតថា ក្រសួងបានចាត់វិធានការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយមានបញ្រ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងដំណើរការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិកម្មឆ្នាំ២០១៩-២០២៣។

លោក អែន តូនីញ៉ូស្ស៊ែវ៉ន ប្រធានប្រតិបត្តិគម្រោងនៃអង្គការ FAO បានមានប្រសាសន៍ថា ការវាយតម្លៃលទ្ធផលដែលកើត ចេញពីការអនុវត្តសកម្មភាព និងគោលនយោបាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុក្នុងការពង្រឹងក្របខណ្ឌតម្លាភាព វិធានការសម្រាប់ឆ្លើយតបចំពោះផលប៉ះពាល់ និងកត្តា ដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យកសិកម្ម និងវិស័យប្រើប្រាស់ដីធ្លី និងជាមូលដ្ឋានសម្រាប់រៀបចំ និងពង្រឹងប្រព័ន្ធ និងដំណើរការពិនិត្យតាមដាន និងរាយការណ៍ ស្របទៅតាម លក្ខខណ្ឌរបស់ Enhanced Transparency Framework (ETF)៕

LEAVE A REPLY

Please enter your comment!
Please enter your name here